ក្រុម IS អះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលសម្លាប់រដ្ឋមន្ត្រីស្តីទីអាហ្វហ្គានីស្ថាន

កាប៊ុល៖ ក្រុមសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋអ៊ីស្លាម (IS) បានប្រកាសទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានសម្លាប់រដ្ឋមន្ត្រីស្តីទីអាហ្វហ្គានីស្ថានទទួលបន្ទុកជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍កាលពីថ្ងៃពុធ។
របាយការណ៍មួយចេញដោយទីភ្នាក់ងារសារព័ត៌មាន Amaq ដែលមានទំនាក់ទំនងជាមួយក្រុម IS បានបញ្ជាក់ថា សកម្មប្រយុទ្ធ IS ម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតដែលបណ្តាលឱ្យលោក Khalil Rahman Haqqani រដ្ឋមន្ត្រីស្តីទីអាហ្វហ្គានីស្ថានទទួលបន្ទុកជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍ និងសហការី ព្រមទាំងអង្គរក្សជាច្រើននាក់របស់គាត់បានស្លាប់។
សមាជិកកងកម្លាំងសន្តិសុខត្រូវបានគេមើលឃើញនៅខាងក្រៅច្រកទ្វារនៃក្រសួងទទួលជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍របស់រដ្ឋាភិបាលចាំផ្ទះអាហ្វហ្គានីស្ថាននៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីម្នាក់នៅក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានប្រាប់ស៊ីនហួរកាលពីថ្ងៃពុធថា មនុស្សបួននាក់រួមទាំង លោក Haqqani ត្រូវបានសម្លាប់ និងបួននាក់ផ្សេងទៀតរួមទាំងឆ្មាំរបស់លោក Haqqani បានរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីការវាយប្រហារនេះ។
សូមជម្រាបថា៖ លោក Haqqani គឺជាសមាជិកគណៈរដ្ឋមន្ត្រីដំបូងគេដែលត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋាភិបាលចាំផ្ទះអាហ្វហ្គានីស្ថានឡើងកាន់អំណាចក្នុងឆ្នាំ២០២១។
