សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទំនងជាបង្ហាញគោលជំហរដូចគ្នាជុំវិញវិបត្តិនៅស៊ីរី

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងសម្រេចលើសេចក្តីថ្លែងការណ៍ ស្ដីពីប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារជុំវិញការដណ្តើមកាន់កាប់រដ្ឋធានីដាម៉ាសរបស់ក្រុមឧទ្ទាម និងការផ្តួលរលំរបបលោកប្រធានាធិបតីស៊ីរី បាស្ហា អាល់អាសាធ (Bashar al-Assad)។
អ.ស.ប.៖ ក្រុមអ្នកការទូតអាម៉េរិក និងរុស្ស៊ី បានអះអាងកាលពីថ្ងៃចន្ទទី៩ធ្នូថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងសម្រេចលើសេចក្តីថ្លែងការណ៍ ស្ដីពីប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារជុំវិញការដណ្តើមកាន់កាប់រដ្ឋធានីដាម៉ាសរបស់ក្រុមឧទ្ទាម និងការផ្តួលរលំរបបលោកប្រធានាធិបតីស៊ីរី បាស្ហា អាល់អាសាធ (Bashar al-Assad)។
ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក វ៉ាស៊ីលី ណេបិនហ៊្សា (Vassily Nebenzia) បានសង្កត់ធ្ងន់ថា៖«ខ្ញុំគិតថា..ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានការរួបរួមគ្នាច្រើន ឬតិចតួចលើតម្រូវការក្នុងការថែរក្សាបូរណភាពទឹកដី និងឯកភាពនៃប្រទេសស៊ីរី ដើម្បីធានាការការពារជនស៊ីវិល ហើយធានាថា ជំនួយមនុស្សធម៌បានទៅដល់ប្រជាជនដែលខ្វះខាត»។ លោក បានបន្ថែមថា៖«មនុស្សគ្រប់គ្នាត្រូវបានភ្ញាក់ផ្អើលរួមទាំងសមាជិកក្រុមប្រឹក្សាផងដែរ។ ដូច្នេះ យើងត្រូវរង់ចាំមើល[..]ហើយវាយតម្លៃថា តើស្ថានភាពនឹងវិវឌ្ឍយ៉ាងណា?»។
ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាម៉េរិក លោក រ៉ូប៊ឺត វូដ បានបញ្ជាក់ថា សមាជិកភាគច្រើនលើកឡើងអំពីបញ្ហាទាំងនោះ ហើយក្រុមប្រឹក្សានឹងសម្រេចលើសេចក្តីថ្លែងការណ៍មួយ។ លោក វូដ បាននិយាយថា៖«នេះគឺជាពេលវេលាដ៏មិនគួរឱ្យជឿ សម្រាប់ប្រជាជនស៊ីរី។ ឥឡូវនេះ យើងពិតជាផ្តោតលើការព្យាយាមមើលថា តើស្ថានការណ៍នឹងទៅជាយ៉ាងណា? តើអាចមានអាជ្ញាធរគ្រប់គ្រងនៅក្នុងប្រទេសស៊ីរីដែលគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីរីដែរឬទេ»។
ទន្ទឹមគ្នានេះ ឯកអគ្គរដ្ឋទូតស៊ីរី នៃអង្គការសហប្រជាជាតិ លោក គូសសាយ អាល់ដាហាក់ (Koussay Aldahhak) បានលើកឡើងថា៖«ឥឡូវនេះ យើងកំពុងរង់ចាំរដ្ឋាភិបាលថ្មី ប៉ុន្តែទន្ទឹមនឹងនោះ យើងកំពុងបន្តធ្វើការជាមួយរដ្ឋាភិបាលបច្ចុប្បន្ន និងថ្នាក់ដឹកនាំ។ យើងនៅជាមួយប្រជាជនស៊ីរី។ យើងនឹងបន្តការពារ និងព្យាយាមសម្រាប់ប្រជាជនស៊ីរី។ ដូច្នេះ យើងនឹងបន្តការងាររបស់យើងរហូតដល់មានការជូនដំណឹងបន្ថែម»។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា៖«ស៊ីរីកំពុងទន្ទឹងរង់ចាំការបង្កើតរដ្ឋសេរីភាព សមភាព នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ហើយយើងនឹងចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងប្រទេសរបស់យើង កសាងឡើងវិញនូវអ្វីដែលត្រូវបានបំផ្លាញ និងកសាងឡើងវិញនូវអនាគត អនាគតដ៏ល្អប្រសើររបស់ប្រទេសស៊ីរី»។
គួរជម្រាបថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជតិដែលមានសមាជិក១៥ប្រទេស បានជួបប្រជុំគ្នាជាច្រើនដងក្នុងរយៈពេលមួយខែចុងក្រោយនេះ ស្ដីពីស្ថានការណ៍នយោបាយ និងមនុស្សធម៌ និងអាវុធគីមីរបស់ប្រទេសស៊ីរី។ ជុំវិញភាពក្ដៅគគុកនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក ហ្វូ កុង (Fu Cong) បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាថា៖«ស្ថានភាពចាំបាច់ត្រូវមានស្ថិរភាព ហើយត្រូវតែមានដំណើរការនយោបាយដែលរួមបញ្ចូល ហើយក៏មិនគួរមានការកើនឡើងនៃកម្លាំងភេរវករឡើងវិញដែរ»។ មែនទែនទៅ ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានវាយលុក និងបណ្តេញលោក អាសាដ ចេញពីតំណែង ខណៈក្រុមនេះ គឺជាដៃជើងរបស់ពួកអាល់កៃដានៅក្នុងប្រទេសស៊ីរី។ គួរបញ្ជាក់ថា ក្រុមនេះត្រូវបានដាក់ក្នុងបញ្ជីរខ្មៅ និងទណ្ឌកម្មដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

