ហ្វីលីពីន ដាក់ការតវ៉ាផ្នែកការទូតប្រឆាំងនឹងមហាយក្សចិន ជុំវិញឧប្បត្តិហេតុដែនសមុទ្រ នៅសមុទ្រចិនខាងត្បូង
ម៉ានីល៖ ក្រសួងការបរទេសហ្វីលីពីន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូថា ខ្លួនបានដាក់ការតវ៉ាផ្នែកការទូតប្រឆាំងនឹងមហាយក្សចិន ជុំវិញឧប្បត្តិហេតុដែនសមុទ្រកាលពីថ្ងៃទី៤ ខែធ្នូ នៅសមុទ្រចិនខាងត្បូង។
ចិន និងហ្វីលីពីន បានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការប្រឈមមុខដាក់គ្នានៅដែនសមុទ្រ ជុំវិញតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ជាជម្លោះចុងក្រោយបំផុតនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃ និងកាន់តែតានតឹងរវាងភាគីទាំង២។ ទិន្នន័យរបស់ក្រសួងការបរទេសបង្ហាញថា វាគឺជាការតវ៉ាការទូតលើកទី៦០ ធ្វើឡើងដោយរដ្ឋធានីម៉ានីលប្រឆាំងនឹងប្រទេសចិន នៅឆ្នាំនេះ និងលើកទី១៩៣ ចាប់តាំងពីប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ មាកូស ជូនៀ ចូលកាន់តំណែងក្នុងឆ្នាំ២០២២។
ចិនបានទាមទារស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង រួមទាំងតំបន់ Scarborough Shoal ដែលបានធ្វើឱ្យប្រទេសជិតខាងខឹងសម្បារ ដោយអះអាងថា វាកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ។ មហាយក្សចិនបានច្រានចោលសេចក្តីសម្រេចឆ្នាំ២០១៦ ដោយតុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍នៅទីក្រុងឡាអេ ដែលថា ការទាមទារដ៏ទូលំទូលាយរបស់ខ្លួនមិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិ៕