ហ្វីលីពីន ចាត់ទុកវត្តមានរបស់នាវាមុជទឹកនុយក្លេអ៊ែររុស្ស៊ី នៅក្នុងសមុទ្រចិនខាងត្បូង ជារឿងគួរឱ្យព្រួយបារម្ភ

ម៉ានីល៖ នាវាមុជទឹកវាយប្រហាររបស់យក្សនុយក្លេអ៊ែររុស្ស៊ី បានលេចវត្តមាននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស នៅថ្ងៃចន្ទទី២ ខែធ្នូ ចាត់ទុកវត្តមានរបស់នាវាមុជទឹកនេះគឺជារឿងគួរឱ្យព្រួយបារម្ភខ្លាំងណាស់។
លោក ម៉ាកូស បានប្រាប់អ្នកយកព័ត៌មានថា៖«នោះជារឿងដែលគួរឱ្យព្រួយបារម្ភណាស់។ រាល់ការឈ្លានពានចូលទៅក្នុងសមុទ្រហ្វីលីពីនខាងលិចនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើងគឺគួរឱ្យព្រួយបារម្ភខ្លាំងណាស់»។ លោកសំដៅទៅលើផ្នែកមួយនៃសមុទ្រចិនខាងត្បូង នៅក្នុងតំបន់ដែនសមុទ្រហ្វីលីពីន។
អ្នកនាំពាក្យកងទ័ពជើងទឹក លោក រ៉យ វីនសេន ទ្រីនីដាដ (Roy Vincent Trinidad) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖«នាវាមុជទឹកប្រភេទ Kilo-class របស់រុស្ស៊ីត្រូវបានគេមើលឃើញចម្ងាយ ៨០ ម៉ាយពីខេត្តភាគខាងលិច Occidental Mindoro កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា»។ ភ្លាមៗនោះ នាវាចម្បាំងកងទ័ពជើងទឹកហ្វីលីពីន Jose Rizal បានបង្កើតទំនាក់ទំនងតាមវិទ្យុជាមួយនាវាមុជទឹករុស្ស៊ី ដែលបានបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនជានាវាមុជទឹកវាយប្រហាររបស់រុស្ស៊ី UFA 490 និងគោលបំណងរបស់វា។ លោក ទ្រីនីដាដ បានបញ្ជាក់ថា៖«នាវារុស្ស៊ីបានបញ្ជាក់ថា ខ្លួនកំពុងរង់ចាំលក្ខខណ្ឌអាកាសធាតុប្រសើរឡើង មុនពេលបន្តទៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី»។ យ៉ាងណា លោកមិនបានបញ្ជាក់លម្អិតអំពីមូលហេតុដែលវាស្ថិតនៅក្នុងតំបន់នោះ។ លោកបានបន្ថែមថា កងកម្លាំងជើងទឹកហ្វីលីពីន បានអមដំណើរនាវាមុជទឹកនេះ ដើម្បីធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិដែនសមុទ្រ។
នាវាមុជទឹកប្រភេទ Kilo-class របស់រុស្ស៊ីត្រូវបានចាត់ទុកថាជានាវាមុជទឹកស្ងប់ស្ងាត់បំផុត និងត្រូវបានកែលម្អឥតឈប់ឈរចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។ វត្តមានរបស់នាវាមុជទឹកវាយប្រហាររបស់រុស្ស៊ីលេចឡើង ស្របពេលដែលហ្វីលីពីន និងចិនកំពុងតឹងសរសៃកដាក់គ្នាជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ គួររំឭកថា បងធំកុម្មុយនីស្ដទាំង២ [ចិន និងរុស្ស៊ី] បានប្រកាសភាពជាដៃគូគ្មានដែនកំណត់នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងឆ្នាំ ២០២២ ប៉ុន្មានថ្ងៃមុនពេលដែលរដ្ឋធានីមូស្គូចាប់ផ្តើមការឈ្លានពានអ៊ុយក្រែន។ ប្រទេសប្រដាប់ដោយអាវុធប្រល័យលោកទាំង២ បានធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅសមុទ្រចិនខាងត្បូងកាលពីខែកក្កដា។ ភាពតានតឹងរវាងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាម៉េរិក និងនាគរាជអាស៊ីចិន បានកើនឡើងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយសារតែការទាមទារត្រួតស៊ីគ្នានៅក្នុងសមុទ្រចិនខាងត្បូង។ តុលាការមជ្ឈត្តកម្មឆ្នាំ ២០១៦ បានសម្រេចការទាមទារជាប្រវត្តិសាស្ត្ររបស់ប្រទេសចិនចំពោះផ្លូវទឹកដែលមានជម្លោះមិនមានមូលដ្ឋានទេ៕

