នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលបានបន្ថែមកញ្ចប់ថវិកាប្រមាណ១០០លានដុល្លារ ដើម្បីខិតខំជំរុញការចេញប្លង់ក្បាលដីជូនដល់ពលរដ្ឋឱ្យបានរួចរាល់

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់សារជាថ្មីថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានបន្ថែមកញ្ចប់ថវិកាប្រមាណ១០០លានដុល្លារ ដើម្បីខិតខំជំរុញការចេញប្លង់ក្បាលដីជូនដល់ប្រជាពលរដ្ឋឱ្យបានរួចរាល់ ខណៈបច្ចុប្បន្ននៅសល់ប្រមាណជាង១លានក្បាលដីទៀតដែលត្រូវចេញប្លង់ជូនពលរដ្ឋ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រុមជ្រុលនិយមមួយចំនួនបានបំផុសបំផុលប្រជាពលរដ្ឋឱ្យទៅកាប់រុករានទន្រ្ទានកាន់កាប់ដីធ្លីរបស់រដ្ឋដោយខុសច្បាប់ ដែលបញ្ហានេះ បានបង្កើតជាជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ បង្កបញ្ហាដីធ្លីដល់រាជរដ្ឋាភិបាល។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ ឬអត់មានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលមានគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ច ដល់ប្រជាពលរដ្ឋតាមនីតិវិធីច្បាប់ ប៉ុន្ដែមិនអាចផ្ដល់ឱ្យចំពោះអ្នកដែលចូលទៅកាប់រុករានទន្រ្ទានដីព្រៃ ឬដីការពារអភិរក្សរបស់រដ្ឋនោះទេ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានផ្តាំទៅក្រុមអគតិមួយចំនួនត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពទាំងឡាយណា ដែលឆបោកប្រជាពលរដ្ឋ តាមរយៈការឃោសនាឲ្យមានការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង ៕

