គ.ជ.ប៖ ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ត្រូវបានកំណត់ យកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្តម ជឺ ចំណាន អនុប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា កាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមនៃខេត្តព្រះសីហនុ ត្រូវបានកំណត់យកថ្ងៃអាទិត្យទី២៦ខែមករា ឆ្នាំ២០២៥ ដោយសមាជិកក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ មានចំនួន១៣រូប ។
ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម ជឺ ចំណាន បានថ្លែងថា យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការបោះឆ្នោតឡើងវិញ ត្រូវធ្វើក្នុងករណី ដូចជា មានខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបង្កើតថ្មីតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា ៦ និងមាត្រា ៧ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ មានក្រុមប្រឹក្សារាជធានី ឬ ខេត្ត ឬ ក្រុង ឬ ស្រុក ឬ ខណ្ឌ ត្រូវរំសាយតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ដូច្នេះ ដោយហេតុថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបាន ចេញអនុក្រឹត្យស្តីពី ការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។
អនុលោមតាមមាត្រា ៧៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ សម្រាប់ជ្រើសរើសក្រុមប្រឹក្សាក្រុងដែលបង្កើតថ្មីនេះ ដោយត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ ២៤០ (ពីររយសែសិប) ថ្ងៃ បន្ទាប់ពីការបង្កើត។ ឯកឧត្ដមបន្តថា តាមរយៈសេចក្តីសម្រេចលេខ ១៩២ សសរ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤រាជរដ្ឋាភិបាលបានកំណត់កាលបរិច្ឆេទនៃការបោះឆ្ នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ គឺនាថ្ងៃអាទិត្យទី២៦ ខែមករា ឆ្នាំ២០២៥។ ផ្អែកលើមូលដ្ឋានទាំងនេះ គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវសេចក្តី-សម្រេច ផែនការមេ ប្រតិទិនការងារ រួមទាំងបានរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំ ការចាត់ចែងនិងការគ្រប់គ្រងការងារបោះឆ្នោតឡើងវិញនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
ឯកឧត្ដម ក៏បានឱ្យដឹងដែរថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ខ.ប ត្រូវធ្វើចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប ត្រូវធ្វើចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
ការឃោសនាបោះឆ្នោតមានរយៈពេល ៨ថ្ងៃដែលត្រូវចាប់ផ្តើមពីថ្ងៃ១៧ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ ការបោះឆ្នោតការរាប់សន្លឹកឆ្នោតនិងការបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៅការិយាល័យបោះឆ្នោត ត្រូវធ្វើនៅថ្ងៃអាទិត្យទី២៦ ខែមករាឆ្នាំ២០២៥។

