ក្រសួងសុខាភិបាល៖ យោធារបស់អ៊ីស្រាអ៊ែល ឃុំខ្លួនបុគ្គលិកអ្នកជំងឺ និងមនុស្សរាប់រយនាក់ក្នុងអំឡុងពេលវាយឆ្មក់មកលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា
ប៉ាឡេស្ទីន៖ ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងថា យោធារបស់អ៊ីស្រាអ៊ែល បានឃុំខ្លួនបុគ្គលិក អ្នកជំងឺ និងមនុស្សរាប់រយនាក់ដែលផ្លាស់ទីលំនៅក្នុងអំឡុងពេលវាយឆ្មក់មកលើមន្ទីរពេទ្យដែលជាដំណើរការចុងក្រោយនៅភាគខាងជើងនៃទឹកដីនេះ។
យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនកំពុងប្រតិបត្តិការនៅជុំវិញមន្ទីរពេទ្យ Kamal Adwan ក្នុងជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើងនៃតំបន់ហ្គាហ្សា ជាកន្លែងដែលខ្លួនបានចាប់ផ្តើមប្រតិបត្តិការដ៏ធំមួយកាលពីដើមខែនេះ។
ប្រតិបត្តិការនេះបានបង្កឱ្យមានការព្រួយបារម្ភជាថ្មីអំពីចំនួនជនស៊ីវិលនៃសង្គ្រាម ដោយប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Volker Turk បានលើកឡើងថា ពេលវេលាដ៏ខ្មៅងងឹតបំផុត នៃជម្លោះនេះកំពុងលាតត្រដាងនៅក្នុងតំបន់ហ្គាហ្សាភាគខាងជើងហើយ។
