រដ្ឋលេខាធិការក្រសួងអប់រំ និងអនុប្រធាន ACU ដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេស ដល់គណៈមេប្រយោគ សម្រាប់ការប្រឡងបាក់ឌុប ថ្ងៃទី៨ តុលា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុន រឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេសដល់គណៈមេប្រយោគសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីណែនាំគណៈមេប្រយោគទូទាំងប្រទេស ប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធានមណ្ឌលសំណេរ អំពីបច្ចេកទេសសម្រាប់ដំណើរការសំណេរ តួនាទីភារកិច្ច គណៈមេប្រយោគទាំងអស់ ដែលត្រូវអនុវត្តក្នុងការប្រឡង។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គ្រប់ជាន់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការអនុវត្តកំណែទម្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលជាផ្នែកមួយដ៏សំខាន់ជំរុញឱ្យការប្រឡងដំណើរការទៅបានដោយរលូនតាមការគ្រោងទុក។
ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូនក្រសួង បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា៕

