កម្ពុជា ថៃ និងម៉ាឡេស៊ី ជាប្រទេសនាំមុខគេក្នុងការប្រើ ប្រាស់ប្រព័ន្ធទូទាត់តាម QR Code នៅក្នុងតំបន់
ភ្នំពេញ៖ ការទូទាត់តាមប្រព័ន្ធ QR Code កំពុងរីកចម្រើនយ៉ាងឆាប់ រហ័សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅកម្ពុជា ថៃ និងម៉ាឡេស៊ី ដែលជាប្រទេសនាំមុខគេក្នុងតំបន់។ កំណើន នេះដោយសារតែកត្តាមួយចំនួន ដូចជាម៉ាស៊ីន ATMមាន ចំនួន តិចនៅតាមទីតំបន់ជនបទ ទូរសព្ទឆ្លាតវៃមានតម្លៃ សមរម្យ ការកើនឡើងនៃវិស័យទេសចរណ៍និងប្រព័ន្ធទូទាត់ ឆ្លងប្រទេស ក៏ដើរតួយ៉ាងសំខាន់ក្នុងនិន្នាការនេះផងដែរ។
នៅក្នុងប្រទេសកម្ពុជា ការទូទាត់តាម QR បានកើនឡើង ២៩% ក្នុងឆ្នាំ២០២៣ ជាមួយនឹងប្រតិបត្តិការចំនួន ៦០១លានប្រតិបត្តិការ។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា បានដាក់ ប្រព័ន្ធទូទាត់ Bakong Tourists ដែលជាប្រព័ន្ធ ទូទាត់ តាមទូរស័ព្ទ សម្រាប់អ្នកដំណើរ និងទេសចរ។ ប្រព័ន្ធនេះប្រើប្រាស់ QRCodeដែលទូទាត់ជាប្រាក់រៀល និងអាច ទូទាត់បានជាមួយទីតាំងអាជីវកម្ម រាប់លាននាក់ រួមទាំងអ្នកលក់តូចៗផងដែរ។
ប្រទេសម៉ាឡេស៊ីក៏មានការរីកចម្រើនយ៉ាងឆាប់រហ័សនៃការទូទាត់តាមប្រព័ន្ធ QR ជាមួយនឹងប្រព័ន្ធ DuitNow QR ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៩។ ប្រព័ន្ធនេះត្រូវបានប្រើនៅទូទាំងប្រទេសអាស៊ានដែលអនុញ្ញាតឱ្យ ប្រជាជនធ្វើការទូទាត់នៅក្នុងប្រទេសផ្សេងទៀត ដោយប្រើប្រព័ន្ធ QR ផ្សេងៗគ្នា។ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ DuitNow QR មានប្រតិបត្តិការជាង ១.៥ពាន់លានប្រតិបត្តិការ។
ប្រព័ន្ធទូទាត់ PromptPay របស់ប្រទេសថៃបានក្លាយជា ការ ពេញនិយមយ៉ាងទូលំទូលាយ ដោយមានអ្នក ប្រើប្រាស់ចុះឈ្មោះជាង ៧៧លាននាក់ក្នុងឆ្នាំ២០២៣។ PromptPay អនុញ្ញាតឱ្យការទូទាត់ឆ្លងប្រទេសក្នុងតំបន់ អាស៊ាន និងមានប្រយោជន៍ជាពិសេសសម្រាប់ភ្ញៀវទេសចរ និងពលករចំណាកស្រុក។ ប្រតិបត្តិការ QR នៅក្នុងប្រទេស ថៃបានកើនឡើងទ្វេដងពី ២.៥ ពាន់លានក្នុងឆ្នាំ២០២២ ដល់ ៥.៧ពាន់លានប្រតិបត្តិការនៅឆ្នាំ២០២៣។
ឥណ្ឌូណេស៊ី និងវៀតណាម ក៏មានការកើនឡើងយ៉ាងច្រើន នៅក្នុងការទូទាត់តាមប្រព័ន្ធ QR ផងដែរ។ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ប្រតិបត្តិការតាមប្រព័ន្ធ QRIS បានកើនឡើង ២២៦% នៅចុងឆ្នាំ ២០២៣ ហើយការ ទូទាត់តាម QR របស់វៀតណាមបានកើនឡើងជាង ១០៤% នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤។
ប្រទេសផ្សេងទៀត ដូចជាហ្វីលីពីន កំពុងទទួលយក ការទូទាត់តាមប្រព័ន្ធ QR ដោយប្រតិបត្តិការកើនឡើង យ៉ាងខ្លាំងផងដែរ។ កំណើននៃការទូទាត់តាម QR នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅតែបន្តកើនឡើង ជាពិសេស ជាមួយនឹងមនុស្សកាន់តែច្រើនដែលប្រើប្រាស់វិធីសាស្រ្តទូទាត់ដោយមិនមានសាច់ប្រាក់ក្នុងដៃ សម្រាប់ប្រតិបត្តិ ការប្រចាំថ្ងៃរបស់ពួកគេ។
សម្រាប់ប្រទេសកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី ទេសា ភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍កាលពី ថ្មីៗ នេះថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដែលបានចាត់ទុកបច្ចេកវិទ្យាជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំងប្រាំ ធនាគារជាតិនៃកម្ពុជាបាន អភិវឌ្ឍប្រព័ន្ធទូទាត់ ដើម្បីធ្វើឱ្យការទូទាត់កាន់តែងាយ ស្រួល សុវត្ថិភាព និងឆាប់រហ័ស មិនថាការទូទាត់ឆ្លង គ្រឹះស្ថានក្នុងស្រុក និងការទូទាត់ឆ្លងដែននោះទេ សំដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
លោកជំទាវបណ្ឌិតបានថ្លែងបន្តថាក្នុងចំណោមប្រព័ន្ធទូទាត់ទាំងអស់ប្រព័ន្ធទូទាត់បាគងបាននិងកំពុងបំពេញមុខងារកាន់តែសម្បូរបែបជូនដល់អ្នកប្រើប្រាស់ ដែលបានជំរុញការ ប្រើប្រាស់ប្រព័ន្ធនេះ ឱ្យកើនឡើងជាបន្តបន្ទាប់ និងរួម ចំណែកដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងមុខមាត់ កម្ពុជានៅលើឆាកអន្តរជាតិ។
លោកជំទាវបណ្ឌិត បានឱ្យដឹងទៀតថា បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសថៃ ឡាវ វៀតណាម និងក្រុមហ៊ុន អន្តរជាតិយូញៀនផេ ព្រមទាំងកំពុងពង្រីកគម្រោង ទូទាត់ ឆ្លងដែនជាមួយប្រទេសផ្សេងទៀតក្នុងតំបន់និងដៃគូសហការនានា ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េ សិង្ហបុរី ម៉ាឡេស៊ី និងក្រុមហ៊ុនអាលីផេជាដើម។
សូមបញ្ជាក់ផងដែរថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ចំនួន ប្រតិបត្តិការជាប្រាក់រៀលតាមប្រព័ន្ធបាគងមាន ៧៥,៥លានប្រតិបត្តិការ កើនឡើង ១,៨ដង ធៀបនឹងគ្រាដូច គ្នាឆ្នាំមុន ខណៈដែលទំហំប្រតិបត្តិការជាទឹកប្រាក់មានចំនួន ៦៤,៩ទ្រីលានរៀល កើនឡើង ១,៤ដង ហើយចំនួន និងទំហំប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកមាន ៩៩,៨លានប្រតិបត្តិការ កើនឡើង ១,៣ដង និង ៣៨,៨ប៊ីលានដុល្លារអាមេរិក កើនឡើង ១,៣ដង រៀងគ្នា។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ៕