ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឺក្សាពិគ្រោះ និងផ្តល់យោបល់
ភ្នំពេញ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅព្រឹកថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២៤បានអញ្ជើញធ្វើបទបង្ហាញជូនប្រតិភូគណបក្សនៃឧត្តមក្រុមប្រឺក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព។
ការធ្វើបទបង្ហាញនេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម្ពុជាបានឯកភាពឱ្យឯកឧត្តមបណ្ឌិត ឡាំ ជា មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា រវាងប្រទេសឡាវ-វៀតណាមនិងថៃ តាមការស្នើសុំរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ។
លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានមានប្រសាសន៍ថា ការធ្វើបទបង្ហាញអំពីព្រំដែនរបស់កម្ពុជាជាមួយប្រទេសជិតខាង គឺមានសារៈសំខាន់ណាស់សម្រាប់ប្រតិភូគណបក្សទាំងអស់នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ត្រូវតែដឹងឱ្យច្បាស់អំពីព្រំដែនស្របច្បាប់របស់ខ្មែរ ចៀសវាងការចាញ់បោកពួកប្រឆាំងជ្រុលនិយមដែលបំភ្លៃការពិតក្នុងបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកជំទាវបានបន្តថា មូលហេតុដែលប្រតិភូគណបក្សធម្មាធិបតេយ្យស្នើសុំឱ្យធ្វើបទបង្ហាញ គឺដើម្បីឱ្យសមាជិកប្រតិភូគណបក្សទាំង ២៩ នៅក្នុងឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជ្រាបឱ្យច្បាស់អំពីព្រំដែនស្របច្បាប់របស់រាជរដ្ឋាភិបាលដែលបានធ្វើរួចហើយនោះ ដើម្បីចុះទៅបង្ហាញពន្យល់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ ថ្នាក់មូលដ្ឋានឱ្យគាត់ជ្រាបឱ្យដឹងច្បាស់អ្វីខុសអ្វីត្រូវឱ្យគាត់យល់ដឹងឱ្យច្បាស់ឡើងវិញអំពីព្រំដែនរបស់យើងសព្វថ្ងៃនេះ។
លោកជំទាវ ពោធិតី សាវត្ថី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានបទបង្ហាញរបស់គណៈកម្មការព្រំដែនហើយ ឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងមានគម្រោងចុះទៅទូទាំងប្រទេសតែម្តងមិនមែនត្រឹមតែខេត្តនៅតំបន់ត្រីកោណអភិវឌ្ឍន៍នោះ ទេ គឺយើងធ្វើបទបង្ហាញចុះទៅពន្យល់ប្រជាពលរដ្ឋទូទាំងប្រទេសតែម្តង។
លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានដាក់លិខិតគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំអញ្ជើញឯកឧត្តមបណ្ឌិត ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជារវាងប្រទេសឡាវ-វៀតណាម និងថៃ ដើម្បីឱ្យប្រតិភូបានយល់ច្បាស់ ដើម្បីជាចំណេះដឹងមូលដ្ឋានគ្រឹះ ងាយស្រួល យកទៅពន្យល់ប្រជាពលរដ្ឋខ្មែរឱ្យពួកគាត់បានយល់ច្បាស់ កុំឱ្យជឿតាមល្បិចកលទុច្ចរិតរបស់ពួកក្រុមជ្រុលនិយមទៀត៕