ជប៉ុន រីករាយសហការ លើការងារជំរុញនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា មកកាន់ប្រទេសជប៉ុន
ភ្នំពេញ៖ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោក Takeshi INOUE អគ្គនាយកនៃនាយកដ្ឋានកិច្ចការអន្តរជាតិ នៃសហព័ន្ធសេដ្ឋកិច្ច Kansai (KANKEIREN) លើការងារជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា និងការត្រៀមរបស់កម្ពុជាក្នុងការត្រៀមរៀបចំនិងចូលរួមពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។
លោក Takeshi INOUE បានសម្តែងការអបអរចំពោះការត្រៀមខ្លួនរួចរាល់របស់កម្ពុជា និងជាពិសេសក្នុងចំណោមប្រទេសដំបូងដែលបានសោរដើម្បីរៀបចំពន្លាជាតិសម្រាប់ពិព័រណ៍ពិភពលោក ២០២៥នេះ។ បន្ថែមពីនេះ លោកបានសម្តែងការពេញចិត្តចំពោះផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសស្វាយ និងស្វាយចន្ទី និងមានភាពរីករាយក្នុងការសហការលើការងារជំរុញនាំចេញផលិតផលសក្តានុពលរបស់កម្ពុជាមកកាន់ប្រទេសជប៉ុនផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម សំហេង បូរ៉ា បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរពីសំណាក់ភាគីជប៉ុន និងប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត ជាពិសេសការបង្កើតបណ្តាញដៃគូពាណិជ្ជកម្មក្នុងការនាំចេញនូវផលិតផលសក្តានុពលកម្ពុជាទៅក្នុងប្រទេសជប៉ុន ៕