ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសមាគមខ្មែរខេត្តហ្គីហ្វឺ រៀបចំកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺ ជាមួយបងប្អូនខ្មែរ
ភ្នំពេញ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្រ្តី និងបុគ្គលិកស្ថានទូត បានអញ្ជើញចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺ ដែលរៀបចំដោយស្ថានទូត និងសហគមខ្មែរខេត្តហ្គីហ្វឺ ព្រមទាំងបានការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុន និងសប្បុរសជននានា។
ព្រិត្តិការណ៍នេះ មានការចូលរួមពីបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅខេត្តហ្គីហ្វឺ និងតំបន់ផ្សេងៗនៅក្នុងប្រទេសជប៉ុនប្រមាណជា ១ ០០០នាក់ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។ កម្មវិធីសំខាន់ៗមានជាអាទិ៍ ការរាប់បាត្រ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ព្រមទាំងបង្សុកូលឧទ្ទិសផលបុណ្យជូនដល់សាច់ញាតិដែលបានចែកឋាន។ ក្នុងកម្មវិធីនោះក៏មានការទទួលទានអាហារសាមគ្គី ការប្រគំតន្ត្រី និងការរាំលេងកម្សាន្តតាមបែបប្រពៃណីខ្មែរ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនខ្មែរនៅក្នុងប្រទេសជប៉ុន ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងនូវអារម្មណ៍រីករាយយ៉ាងខ្លាំងដោយឃើញវត្តមានរបស់បងប្អូនខ្មែរចូលរួមដ៏ច្រើនកុះករ និងលើកឡើងថា ការជួបជុំគ្នាថ្ងៃនេះបានបង្ហាញនូវស្មារតីសាមគ្គីភាពដ៏ល្អ និងការស្រឡាញ់រាប់អានគ្នារបស់បងប្អូនខ្មែរនៅជប៉ុន ក្នុងគោលដៅរួមគ្នារក្សា និងផ្សព្វផ្សាយឱ្យបរទេសបានដឹងអំពីពិធីបុណ្យភ្ជុំបិណ្ឌដែលជាប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិ។
ទន្ទឹមនោះដែរ ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងពីសមិទ្ធផលលេចធ្លោរជាច្រើន ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល ១ឆ្នាំកន្លងមក រួមមាន (១) ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការចូលរួមអបអរសាទរយ៉ាងកងរំពង គគ្រឹកគគ្រេងពីសំណាក់បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលព្រែកជីកនេះនឹងក្លាយជាមរតកដ៏មហាសាលជាប្រវត្តិសាស្ត្រក្រោយពីសាងសង់រួច ។ (២) ការចូលរួមរបស់បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេសដ៏ច្រើនលើសលុប រូមទាំងបងប្អូនខ្មែរនៅជប៉ុន ក្នុងការបរិច្ចាគដោយស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដែលបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានអាចចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី។
ជាងនេះទៀត ឯកឧត្តមឯកអគ្គរាជទូតក៏បានបញ្ជាក់ថា តបតាមសំណូមពររបស់បងប្អូននៅជប៉ុនដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុងមូលនិធិខាងលើនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាក៏បានបង្កើតគណនីធនាគារក្នុងប្រទេសជប៉ុន សម្រាប់ទទួលវិភាគទាន ផងដែរ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ឯកឧត្តមឯកអគ្គរាជទូតបានអំពាវនាវឱ្យបងប្អូនខ្មែរនៅជប៉ុនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមរយៈការពន្យល់ជាច្រើនដង និងយ៉ាងក្បោះក្បាយដោយសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។
ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងថា ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្រេចឱ្យក្រសួងព័ត៌មានក្នុងនាមជាអ្នកសម្របសម្រួល រៀបចំដំណើរទស្សនកិច្ចទៅទិសឦសានដោយឥតគិតថ្លៃ នៅរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើម ពីថ្ងៃទី០៧ ខែកញ្ញាមក។ មកទល់ពេលនេះ មានអ្នកចូលរួមក្នុងដំណើរទស្សនកិច្ចសរុបប្រមាណជា ៤០០នាក់ហើយ។
នៅចុងបញ្ចប់ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនត្រៀមលក្ខណៈរួចជាស្រេចក្នុងការសហការ និងជួយសម្រួលបញ្ហានានា និងសំណូមពរផ្សេងៗ របស់បងប្អូនខ្មែរនៅជប៉ុន រួមទាំងការបាត់លិខិតឆ្លងដែនជាដើម៕