ចិន អះអាងថា ទំនាក់ទំនងជាមួយហ្វីលីពីន កំពុងនៅផ្លូវបំបែកដោយជម្លោះសមុទ្រចិនខាងត្បូង
បរទេស៖ នៅក្នុងអត្ថាធិប្បាយដែលត្រូវបានចេញផ្សាយដោយកាសែត People’s Daily របស់បក្សកុម្មុយនិស្តបានឱ្យដឹងថា ប្រទេសចិនបានអំពាវនាវឱ្យហ្វីលីពីន ពិចារណាឱ្យបានហ្មត់ចត់អំពីអនាគត នៃទំនាក់ទំនងដែលកំពុងនៅផ្លូវបំបែក ខណៈមានភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង។
ប្រទេសហ្វីលីពីន និងចិនបានចោទប្រកាន់គ្នាទៅវិញទៅមកថា ភាគីម្ខាងទៀតមានចេតនាវាយកម្ទេចនាវាឆ្មាំឆ្នេរសមុទ្រដែលកំពុងឈរជើងនៅលើដែនទឹកដែលមានជម្លោះក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងការប៉ះទង្គិចគ្នាដោយហិង្សាកាលពីខែមិថុនា ដោយបណ្តាលឱ្យនាវិកហ្វីលីពីនម្នាក់បានបាត់បង់ម្រាមដៃមួយ។
ឧប្បត្តិហេតុទាំងនោះបានបង្វែរចំណាប់អារម្មណ៍ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំង០២ ក្នុងការកសាងទំនុកចិត្តឡើងវិញ និងគ្រប់គ្រងការប្រឈមមុខដាក់គ្នាឱ្យកាន់តែប្រសើរឡើង រួមទាំងការបង្កើតខ្សែទំនាក់ទំនងថ្មីដើម្បីកែលម្អការដោះស្រាយជម្លោះដែនសមុទ្រ។
ការអត្ថាធិប្បាយបានបន្ថែមថា ទំនាក់ទំនងចិន-ហ្វីលីពីនឈរនៅផ្លូវបំបែកមួយ ប្រឈមមុខនឹងជម្រើសនៃផ្លូវដែលត្រូវបន្ត។ ហើយការសន្ទនា និងការពិគ្រោះយោបល់គឺជា ផ្លូវត្រឹមត្រូវ ព្រោះថាគ្មានផ្លូវចាកចេញពីជម្លោះតាមរយៈការប្រឈមមុខគ្នានោះទេ។