ម៉ាឡេស៊ីនឹងមិនបញ្ឈប់ការរុករក នៅសមុទ្រចិនខាងត្បូងទេ ទោះបីជាមានការតវ៉ា ពីប្រទេសចិនក៏ដោយ
បរទេស៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានឲ្យដឹងថា ប្រទេសនេះនឹងមិនបញ្ឈប់ការរុករកប្រេង និងឧស្ម័ននៅក្នុងសមុទ្រចិនខាងត្បូងនោះទេ បើទោះបីជាមានការអះអាងពីទីក្រុងប៉េកាំងថា ម៉ាឡេស៊ីកំពុងរំលោភលើទឹកដីរបស់ខ្លួនក៏ដោយ។
លោក Anwar Ibrahim បានបញ្ជាក់ចេញពីប្រទេសរុស្ស៊ីជាទីកន្លែង ដែលលោកកំពុងមានទស្សនកិច្ចផ្លូវការថា សកម្មភាព រុករករបស់ម៉ាឡេស៊ីស្ថិតនៅក្នុងទឹកដីរបស់ខ្លួន ហើយមិនមានចេតនាបង្កហេតុ ឬអរិភាពទៅលើប្រទេសចិន ជាប្រទេសដែលខ្លួនទំនាក់ទំនងមិត្តភាពឡើយ។
នៅក្នុងសន្និសីទសារព័ត៌មាន តាមទូរទស្សន៍នៅទីក្រុង Vladivostok លោក Anwar បានបន្តថា ជាការពិតណាស់ យើងត្រូវប្រតិបត្តិការនៅក្នុងដែនទឹករបស់យើង និងធានានូវអត្ថប្រយោជន៍សេដ្ឋកិច្ច រួមទាំងការខួងយកប្រេងនៅក្នុងទឹកដីរបស់យើង។
យើងមិនដែលបដិសេធលទ្ធភាពនៃការពិភាក្សា (ជាមួយប្រទេសចិន) នោះទេ។ ប៉ុន្តែនោះមិនមែនមានន័យថា យើងត្រូវបញ្ឈប់ប្រតិបត្តិការ នៅក្នុងតំបន់របស់យើងនោះទេ។
កាលពីថ្ងៃពុធ ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយថា ខ្លួននឹងស៊ើបអង្កេតការលេចធ្លាយលិខិតទូតសម្ងាត់ ដែលបានទទួលបានពីក្រសួងការបរទេសចិន។