ទស្សនកិច្ចសិក្សា និងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្រឹះស្ថានសិក្សាសាធារណៈកម្ពុជា ជាមួយគ្រឹះស្ថានសិក្សាសាធារណៈចិន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៥ ដល់ទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ពុត សាមិត្ត អនុរដ្ឋលេខាធិការ បានដឹកនាំប្រតិភូកម្ពុជារួមមានតំណាងអគ្គនាយកដ្ឋានអប់រំ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ និងនាយក នាយករង នាយិការ នាយិការងវិទ្យាល័យសាធារណៈសរុបចំនួន ២៩នាក់ ដើម្បីធ្វើទស្សនកិច្ចសិក្សានៅទីក្រុងសៀងហៃក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំនិយាយជារួម និងការអប់រំភាសាចិននៅកម្ពុជានិយាយដោយឡែក។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះគណៈប្រតិភូកម្ពុជាបានជួបពិភាក្សាជាមួយតំណាងសាកលវិទ្យាល័យ East China Normal University អនុវិទ្យាល័យចំនួនពីរក្នុងក្រុងសៀងហៃ សហគ្រាសឧស្សាហកម្មធុនធ្ងន់ ZPMC សហគ្រាសបច្ចេកវិទ្យាអប់រំ iflytek និងរមណីយដ្ឋានវប្បធម៌នៃទីក្រុងសៀងហៃ។
គណៈប្រតិភូបានចែករំលែកបទពិសោធពីការអប់រំភាសាចិននៅតាមគ្រឹះស្ថានសាធារណៈ និងតម្រូវការក្នុងការគាំទ្រពីភាគីចិនក្នុងការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនភាសាចិន។
គណៈប្រតិភូក៏បានសិក្សាពីឧត្តមានុវត្តរបស់គ្រឹះស្ថានអប់រំចិនដែលកំពុងលើកកម្ពស់បច្ចេកវិទ្យាក្នុងការអប់រំតាមរយៈការប្រើប្រាស់ប៊ិកអេឡិចត្រូនិកក្នុងការកត់ត្រាកិច្ចការសិស្សទាំងក្នុងសាលារៀន និងនៅផ្ទះ និងការសិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យាផងដែរ។
ទន្ទឹមនឹងនេះ សហគ្រាសចិនកំពុងស្រាវជ្រាវនិងធ្វើនវានុវត្តន៍ថ្មីៗក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគាំទ្រឧស្សាហកម្មធុនធ្ងន់ដូចជាការផលិតម៉ាស៊ីនស្ទូចដែលកំពុងគ្របដណ្តប់ទីផ្សារពិភពលោក និងកំពុងផលិតយានយន្តគ្មានអ្នកបើកបរ។
ជារួម គ្រឹះស្ថានអប់រំនៃប្រទេសទាំងពីរបានប្តេជ្ញារក្សាទំនាក់ទំនងល្អ និងបន្តកិច្ចសហប្រតិបត្តិការក្នុងទិសដៅលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងគុណភាពអប់រំនៅកម្ពុជា៕

