គ.ជ.ប. អំពាវនាវប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបានជ្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នឹងចាប់ផ្តើមពី ថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។
ក្នុងឱកាសនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤នេះ គ.ជ.ប សូមអំពាវនាវចំពោះបងប្អូន ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទ ផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬចូលពិនិត្យមើលតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ (App) NEC KH ដើម្បីឱ្យប្រាកដថាខ្លួនពិតជាមានឈ្មោះ និងទិន្នន័យ ត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។ បើក្នុងករណីឈ្មោះ ឬទិន្នន័យរបស់បងប្អូនពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំទៅក្រុមចុះ ឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវទៅតាមឯកសារសំអាងច្បាស់លាស់។
ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត តែមិនទាន់បានចុះឈោ្មះ បោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦ ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី សូមអញ្ជើញបងប្អូនទៅចុះឈ្មោះ បោះឆ្នោតតាមប្រតិទិនរបស់ក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅ។
ទន្ទឹមនឹងនេះ គ.ជ.ប សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ដែលរួមមាន គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយខ្លឹមសារ នៃសេចក្តីអំពាវនាវនេះ ជូនប្រជាពលរដ្ឋខ្មែរឱ្យបានយល់ជ្រួតជ្រាប និងជួយជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។
ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ
និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅល្អ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងចៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងៗ សូមបងប្អូនប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលចូលរួមក្នុងដំណើរការនេះ យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការតាម សេចក្តីអំពាវនាវនេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមាន ដើម្បីឱ្យដំណើរការនៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅនៅក្នុងបរិយាកាសស្ងប់ស្ងាត់ មានដំណើរការល្អ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ៕

