ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ក្នុងដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក៏មានការអមដំណើរដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត រួមនឹងអភិបាលរងខេត្ត រួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការជាច្រើនរូបផងដែរ។
នាឱកាសនោះដែរព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ក៏បាននិមន្តជួបបងប្អូនពុទ្ធបរិស័ទនិងបានសំណេះ សំណាលផ្តល់នូវឱវាទខ្លះៗ ជូបបងប្អូនពុទ្ធបរិស័ទ ដោយព្រះអង្គមានព្រះសង្ឃដីកា ថា ការចុះទស្សនកិច្ចនៅតាមបន្ទាត់ព្រំដែននេះដើម្បីមើលពីទិដ្ឋភាពជាក់ស្តែង និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមបន្ទាត់ព្រំដែននៃប្រទេសកម្ពុជា ក៏ដូចជាស្វែងយល់ពីជីវភាពរបស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន។
ក្នុងឱកាសនោះព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ក៏បានមានសង្ឃដីការផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ថា មុនហ្នឹងជាអ្វីមួយសូមប្រកបដោយភាពសុភវិនិច្ឆ័យ គិតគូរឱ្យបានច្បាស់លាស់ ជាពិសេសសូមឱ្យបងប្អូនពុទ្ធបរិស័ទ មានការស្វែងយល់ពីព័ត៌មានពិតឱ្យបានច្រើន ពីព្រោះមានតែសភាវពិតតែប៉ុណ្ណោះ ដែលអាចដោះស្រាយរាល់បញ្ហាទាំងឡាយឱ្យត្រឡប់មកល្អប្រសើរឡើង។
ក្នុងឱកាសដែលព្រះអង្គនិមន្ត អញ្ជើញទស្សនកិច្ច នៅក្នុងបន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យ ព្រះអង្គក៏បានជួបបងប្អូនប្រជាពលរដ្ឋនៅក្នុងបរិវេណប្រាសាទបន្ទាយឆ្មារ និងរង្វង់មូលបឹងត្រកួន ស្ថិតនៅស្រុកថ្មពួក,ជួបបងប្អូនប្រជាពលរដ្ឋនៅ និងពិនិត្យមើលបង្គោលសីមាលេខ៤៤ ជាប់នឹងប្រទេសថៃ ស្រុកអូរជ្រៅ , បន្តជួបពលរដ្ឋនៅវត្តទួលពង្រ ក្រុងប៉ោយប៉ែត និងបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកម៉ាឡៃ ដែលសរុបបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទដែលបានចូលរួមទទួលបដិសណ្ឋារកិច្ចព្រះអង្គ មានចំនួនប្រមាណជាង៥ម៉ឺននាក់៕

