កប៉ាល់ហ្វីលីពីន ប៉ះទង្គិចជាមួយនាវាឆ្មាំសមុទ្រចិននៅជិត Xianbin Jiao

ប៉េកាំង៖ កាលពីថ្ងៃទី២៥ ខែសីហា កប៉ាល់ហ្វីលីពីនមួយគ្រឿង បានចូលទន្ទ្រានក្នុងដែនទឹកជាប់គ្នានៃ Xianbin Jiao នៃ Nansha Qundao របស់ប្រទេសចិន ហើយបណ្តាលឱ្យមានការប៉ះទង្គិចបន្តិចបន្តួចជាមួយនាវាឆ្មាំសមុទ្រចិន (CCG)។
យោងតាម CCG បានឱ្យដឹងថា ការឈ្លានពានរបស់នាវាហ្វីលីពីនលេខ៣០០២ មិនត្រូវបានអនុញ្ញាតដោយរដ្ឋាភិបាលចិនទេ ហើយ CCG បានចាត់វិធានការគ្រប់គ្រងដោយស្របច្បាប់ប្រឆាំងនឹងវា។
អ្នកនាំពាក្យ CCG លោក Gan Yu បានឲ្យដឹងថា នៅវេលាម៉ោង២និង១២នាទីរសៀល នាវាហ្វីលីពីនមិនបានអើពើនឹងការព្រមានម្តងហើយម្តងទៀតពីភាគីចិន ហើយបានធ្វើដំណើរដោយចេតនាឆ្ពោះទៅកាន់កប៉ាល់ចិនក្នុងលក្ខណៈគ្មានវិជ្ជាជីវៈ និងគ្រោះថ្នាក់ ដែលបណ្តាលឱ្យមានការប៉ះទង្គិច។
លោក Gan បានបន្ថែមថា ការទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះ គឺស្ថិតនៅលើភាគីហ្វីលីពីនទាំងស្រុង។
អ្នកនាំពាក្យរូបនេះបានបន្តថា CCG បានត្រួតពិនិត្យនាវាហ្វីលីពីន ៣០០២ នៅក្នុងដំណើរការទាំងមូល ហើយបានបណ្តេញវាចេញ ដោយបន្ថែមថា ប្រតិបត្តិការរបស់ CCG មានវិជ្ជាជីវៈ ស្តង់ដារ ស្របច្បាប់ និងសមហេតុផល។
លោក Gan បានបន្ថែមថា ការញុះញង់នាពេលថ្មីៗនេះរបស់ហ្វីលីពីនបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន រំលោភលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង និងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោក Gan បានបញ្ជាក់ថា យើងព្រមានយ៉ាងម៉ឺងម៉ាត់ថា ភាគីហ្វីលីពីនត្រូវតែបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពាន និងការបង្កហេតុ ឬវាត្រូវតែទទួលនូវផលវិបាកទាំងអស់។
ដោយរំលឹកឡើងវិញថា ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើ Nansha Qundao និងដែនទឹកជាប់គ្នារបស់ខ្លួន រួមទាំង Xianbin Jiao ផងដែរ លោក Gan បានបន្ថែមថា CCG នឹងបន្តធ្វើសកម្មភាពអនុវត្តច្បាប់ដើម្បីការពារអធិបតេយ្យភាពទឹកដីរបស់ប្រទេស និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន។
