បញ្ជាការដ្ឋានកងទ័ពជើងគោក ប្រារព្ធពិធីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រារព្ធពិធីអបអរសាទរ បើកការដ្ឋានបព្រែកជីកហ្វូណនតេជោ (០៥ សីហា ឆ្នាំ២០២៤ ) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈៀង មេបញ្ជាការរង នាយ សេនាធិការកងទ័ពជើងគោក ដោយមាននាយទាហាន នាយទាហានរង និងពលទាហានចូលរួមប្រមាណ ៦០០នាក់។ ពិធីអបអរសាទរបើកការដ្ឋានបព្រែកជីកហ្វូណនតេជោ នាឱកាសនេះ ដោយមានការស្រែកជ័យឃោស៍ និងទូងស្គរជ័យផងដែរ ។
អញ្ជើញមានមតិសំណេះសំណាលនាឱកាសនោះ ឧត្តមសេនីយ៍ឯក ហួត ឈៀង បានមានប្រសាសន៏ថា៖ថ្ងៃ៥ សីហា ឆ្នាំ២០២៤ នេះជាមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាយើងមិនធ្លាប់មាននាពេលកន្លងមក នោះគឺការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជា ដែលជាគំនិតផ្តួចផ្តើម និងចក្ខុវិស័យដ៏វែងដ៏ឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សា នៃអង្គព្រះមហាក្សត្រ សម្រាប់ជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ហើយហ្នឹងកំពុងត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាត់តាំងអនុវត្ថដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ឯក ហួត ឈៀង បានបន្តទៀតថា ថ្នាក់ ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន នៃ កងយោធពលខេមរភូមិន្ទ និយាយរួម និងនិយាយដោយឡែក ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងទ័ពជើងគោក និងប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសពិតជាមានសេចក្តីរីករាយឥតឧបមា និងមានមោទនភាពយ៉ាងក្រៃលែង ដោយបានចេញសារ អបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។
ឧត្តមសេនីយ៍ឯក ហួត ឈៀង បានគូសបញ្ជាក់ពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោ គឺជាលំហូរនៃចក្រសេដ្ឋកិច្ចដ៏សំខាន់ នៃប្រទេសកម្ពុជា និងបាននាំមកនូវផ្នែកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងកាន់តែល្អប្រសើរ និងធូរធាជាលំដាប់ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រែកជីកនេះ ជួយបង្កើនផលត្រី និងការចិញ្ចឹមត្រី របស់ប្រជាពលរដ្ឋ ជាពិសេសនឹងជួយរំដោះទឹកជំនន់ ពេលកម្ពុជាមានជំនន់ទឹកភ្លៀង។ បន្ថែមពីនេះ ព្រែកជីកហ្វូណន តេជោ ក៏នឹងរួមចំណែកជួយដល់វិស័យទេសចរណ៍ ហើយប្រជាពលរដ្ឋនឹងទាញបានប្រយោជន៍ពីការធ្វើទេសចរណ៍។
សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មានបណ្តោយប្រវែង ១៨០ គីឡូម៉ែត្រ ទទឹងផ្នែកខាងលើ ១០០ ម៉ែត្រផ្នែកខាងក្រោម ៨០ ម៉ែត្រ តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ចូលតាមបណ្តោយព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែបឆ្លងកាត់ខេត្តចំនួន ៤រួមមាន៖ខេត្តកណ្តាល តាកែវ កំពត់ និងកែប។ គ្រោងចំណាយថវិកាប្រមាណ ១,៧០០ លាន ដុល្លារសហរដ្ឋអាមេរិក គឺក្នុងគោលដៅបញ្ចប់ឆ្នាំ២០២៨ ដោយ គ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤៕