ករណីអគ្គីភ័យនៅផ្សារទំនើបនៅភាគនិរតីប្រទេសចិនបានសម្លាប់មនុស្ស១៦នាក់

ប៉េកាំង៖ យ៉ាងហោចណាស់មនុស្ស ១៦នាក់បានបាត់បង់ជីវិត បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅផ្សារទំនើបមួយកន្លែងក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃពុធម៉ោងប្រហែល៦ល្ងាចនៅឯអគារកម្ពស់ ១៤ជាន់ ដែលស្ថិតនៅក្នុងតំបន់បច្ចេកវិទ្យាខ្ពស់ក្នុងទីក្រុង Zigong ខេត្ត Sichuan។
មនុស្សជាច្រើននាក់ក៏ត្រូវបានគេឃើញបានប្រមូលផ្តុំគ្នានៅលើយ៉រមួយ។ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់នៅថ្ងៃព្រហស្បតិ៍។
នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់បាននិយាយថា មនុស្សប្រហែល ៧៥នាក់ដែលបានជាប់នៅខាងក្នុងអគារត្រូវបានជម្លៀសចេញ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា មនុស្សសរុបចំនួន ១៦នាក់ត្រូវបានសម្លាប់ ហើយនៅសល់ត្រូវបានជម្លៀសចេញពីអគារ។
របាយការណ៍បានបន្ថែមថា តាមការស៊ើបអង្កេតបឋម អគ្គិភ័យនេះបណ្តាលមកពីការងារសំណង់។
ក្រសួងគ្រប់គ្រងគ្រោះអាសន្ន និងរដ្ឋបាលអគ្គីភ័យ និងសង្គ្រោះជាតិរបស់ប្រទេសចិន បាននិយាយថា ខ្លួនបានបញ្ជូនក្រុមការងារមួយ ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុនេះ។
ក្រសួងបានបន្តថា អ្នកជំនាញពន្លត់អគ្គិភ័យពីទូទាំងប្រទេសក៏នឹងត្រូវបញ្ជូនទៅចូលរួមក្នុងការស៊ើបអង្កេតគ្រោះថ្នាក់នេះដែរ។
ប្រទេសចិននៅតែបន្តឃើញឧបទ្ទវហេតុអគ្គីភ័យធំ ៗ ទោះបីជាមានការណែនាំពីលោកប្រធានាធិបតី Xi Jinping ឱ្យអនុវត្តវិធានការបង្ការយ៉ាងតឹងរ៉ឹងសម្រាប់រដ្ឋាភិបាលខេត្តក៏ដោយ។
មន្ត្រីបានឲ្យដឹងថា ចំនួននៃគ្រោះថ្នាក់អគ្គីភ័យនៅកន្លែងសាធារណៈដូចជាសណ្ឋាគារ និងភោជនីយដ្ឋាន គឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី និងបំពង់បង្ហូរឧស្ម័ន។
មនុស្សចំនួន ៣៩នាក់បានស្លាប់នៅពេលដែលអគ្គីភ័យបានឆាបឆេះអគារពាណិជ្ជកម្មក្នុងខេត្ត Jiangxi របស់ប្រទេសចិនកាលពីខែមករាឆ្នាំនេះ។
មនុស្ស ១៥នាក់បានស្លាប់នៅក្នុងអគ្គីភ័យនៅអគារលំនៅដ្ឋានមួយក្នុងទីក្រុង Nanjing ក្នុងខែបន្ទាប់។
