រដ្ឋលេខាធិការ ក្រសួងអប់រំ បើកសិក្ខាសាលាស្តីពី “ការបណ្តុះបណ្តាលជំនាញទន់ និងមូលដ្ឋានគ្រឹះផលិតកម្ម ដល់សិស្សផ្នែកអប់រំបច្ចេកទេស”
ភ្នំពេញ៖ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយអង្គការ PEOPLE IN NEED និងការគាំទ្រថវិកាដោយ CZECH AID បានរៀបចំវគ្គសិក្ខាសាលាស្តីពី “ការបណ្តុះបណ្តាលជំនាញទន់ និងមូលដ្ឋានគ្រឹះផលិតកម្ម ដល់សិស្សផ្នែកអប់រំបច្ចេកទេស” នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង តំណាងអង្គការ PIN ក្រុមការងារឯកឧត្តមបណ្ឌិត តាន់មុន្នីវណ្ណ លោកនាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផ្នែកអប់រំបច្ចេកទេស លើជំនាញអគ្គិសនី ក្សេត្រសាស្ត្រ បសុវប្បកម្ម និងកែច្នៃអាហារ សរុបអ្នកចូលរួម ៣៦៩នាក់ ស្រី១៤៦នាក់ ។
កម្មវិធីនេះ ក៏បានអញ្ជើញ ឯកឧត្តមបណ្ឌិត តាន់មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាវាគ្មិនកិត្តិយស ក្នុងការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងមេរៀនពិសោធន៍ ដែលពាក់ព័ន្ធនឹងជំនាញទន់ និងមូលដ្ឋានគ្រឹះផលិតកម្មជូនប្អូនៗ។ ពិសេសឯកឧត្តមបណ្ឌិត និងក្រុមការងារ បាននាំមកនូវ ជាអាហារកំប៉ុងសម្រាប់ចែកឱ្យសិស្ស ម្នាក់មួយកំប៉ុងផងដែរ លើសពីនេះទៀត ជាឱកាសដ៏ល្អសម្រាប់សាលារៀនក្នុងការកសាងកិច្ចទំនាក់ទំនងធ្វើធុរកិច្ច ដើម្បីបង្កើតការងារសម្រាប់សិស្ស និងកិច្ចការផ្សេងទៀតផងដែរ។
ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងថា ការរៀបចំវគ្គសិក្ខាសាលានេះ ថាពិតជាជាផ្នែកមួយដ៏មានសារៈសំខាន់ និងជាអន្ដរាគមន៍គាំទ្រដល់ក្មួយៗសិស្សានុសិស្សផ្នែកអប់រំបច្ចេកទេស ដើម្បីពង្រឹងបន្ថែមដល់ប្អូនៗ ក្រៅតែពីជំនាញរឹង វាចាំបាច់ណាស់គឺជំនាញទន់ និងមូលដ្ឋានគ្រឹះផលិតកម្ម ជំនាញសតវត្សរ៍ទី២១ និងព័ត៌មានទីផ្សារការងារ ក៏ដូចជាព័ត៌មាន ទំនោរការវិវត្តផ្នែកសេដ្ឋកិច្ច-សង្គម ដែលជះឥទ្ធិពលដល់តម្រូវការជំនាញនៃកម្លាំងពលកម្មកម្ពុជាយើង។ ដូច្នេះ ក្មួយៗសិស្សានុសិស្សត្រូវមានភាពបុរេសកម្មក្នុងស្មារតីខិតខំប្រឹងប្រែង កែខៃខ្លួនឯងឱ្យប្រសើរឡើង ពោលក្លាយខ្លួនជាមូលធនមនុស្ស (Human Capital) ដើម្បីអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិបាន។ ដូចគ្នាដែរ គ្រូបង្រៀន ចាំបាច់ណាស់ត្រូវតែបញ្ជ្រាបជំនាញនេះ ក្នុងសកម្មភាពបង្រៀនប្រចាំថ្ងៃ ដើម្បីឱ្យកាសិក្សាជំនាញនេះ ប្រកបដោយស្តង់ដាគុណភាព ផលិតភាព និងចីរភាព៕