ពលរដ្ឋមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ ៥គ្រួសារ និងគ្រួសារសព១គ្រួសារ ដែលជាជនងាយរងគ្រោះបំផុត ក្នុងស្រុកពញាក្រែក បានទទួលការជួយសង្រ្គោះពីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក រស់ សុខន នាយកស្ដីទីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកពញាក្រែក ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំកណ្ដោលជ្រុំ និងអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការី ចុះទៅចូលរួមរំលែកទុក្ខ និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ ចំនួន៦គ្រួសារ(មានជីវភាពខ្វះខាត៥គ្រួសារ និងចូលបុណ្យសព១គ្រួសារ) នៅក្នុងឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នាឱកាសនោះដែរ លោកយកស្ដីទីសាខាបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើពីការសួរសុខទុក្ខ និងក្ដីនឹករឭកពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានស្ដីទីគណៈកម្មការធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ជាមួយឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា នឹងជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារជនងាយរងគ្រោះទាំង៦គ្រួសារ។ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលជាជនរងគ្រោះ និងងាយរងគ្រោះគ្រប់ៗគ្នាស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល”។
ជាមួយគ្នានេះ លោកក៏បានជូនពរដល់គ្រួសារងាយរងគ្រោះសូមមានសុខភាពល្អដោយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាខិតខំថែរក្សាសុខភាពឱ្យបានល្អដើម្បីឆាប់ជាសះស្បើយពីរោគាពាធដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសសូមបងប្អូនបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺគ្រុនឈាម និងជំងឺកូវីដ-១៩ គឺ៣ការពារ និង៣កុំ រួមទាំងការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ដូសទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធនៃសពសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
អំណោយមនុស្សធម៌ដែលសាខាបានផ្តល់ជូនគ្រួសារនីមួយៗរួមមាន ÷ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ៕

