មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ កម្ពុជា ចាត់ទុកយុវជនជាធនធានគន្លឹះ ជាសសរទ្រូងរបស់ប្រទេសជាតិ ជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពល

ភ្នំពេញ៖ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលម៉ានី ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា «ព្រះរាជាណាចក្រកម្ពុជាចាត់ទុកយុវជនជាធនធានគន្លឹះ ជាសសរទ្រូងរបស់ប្រទេសជាតិ ជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងរក្សាសន្ដិភាព ទាំងបច្ចុប្បន្ន និងពេលអនាគត»។
អគ្គនាយកដ្ឋានយុវជន រៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិនេះឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជន បញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈ ក្នុងការជជែកដេញដោល ដើម្បីបង្កើតសង្គមពុទ្ធិក្នុងសមរភូមិគំនិត និងស្វែងរកសុខដុមនីយកម្មសម្រាប់វឌ្ឍនភាពសង្គម។
គូសបញ្ជាក់ផងដែរថា វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រនេះ មានវិទ្យាល័យចំនួន ៤ ធ្វើការជជែកដេញដោលតស៊ូមតិលើប្រធានបទចំនួន២៖ (ប្រធានបទទី១) «សហគមន៍កសិកម្មទំនើប គឺជាយន្តការដ៏មានប្រសិទ្ធភាពបំផុតក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា» និង (ប្រធានបទទី២) « ដំណើរការដោះស្រាយវិវាទដោយតុលាការ ជាយន្តការស្វែងរកយុត្តិធម៌តែមួយគត់ប្រកកដោយប្រសិទ្ធភាព » ព្រមទាំងមានការប្រកួតនិយាយជាសាធារណៈរបស់បេក្ខជនឆ្នើមទាំង៤រូបផងដែរ។
ជាលទ្ធផល គណៈកម្មការរៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤ សូមអបអរសាទរចំពោះបេក្ខជនមកពីវិទ្យាល័យចំនួន២ ដែលអាចបន្តទៅកាន់វគ្គផ្ដាច់ព្រ័ត្រ៖
១). វិទ្យាល័យ ហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី ខេត្តកំពង់ចាម
២). សាលា ប៊ែលធី អន្តរជាតិ រាជធានីភ្នំពេញ៕

