ភ្នាក់ងារទេសចរបានប្រគល់ទូរសព្ទជូនភ្ញៀវទេសចរវិញបន្ទាប់ពីភ្លេចនៅតាមប្រាសាទ

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមភ្នាក់ងារទេសចរប្រចាំតាមគោលដៅប្រាសាទ បានប្រទះឃើញ និងប្រគល់ទូរសព្ទ ជូនភ្ញៀវទេសចរវិញ បន្ទាប់ពីពួកគេបានភ្លេចកំឡុងពេលចូលទស្សនា នៅក្នុងបរិវេណប្រាសាទ។
ករណីទី១ កើតឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅវេលាម៉ោង៣៖៣៩នាទី ក្រុមការងារភ្នាក់ងារទេសចរប្រាសាទអង្គរវត្ត បានប្រទះឃើញទូរសព្ទដៃ១គ្រឿងម៉ាក Vivo ពណ៌ខ្មៅ នៅចំណុចមាត់ស្រះទឹកខាងលិចឆៀងខាងជើង ចំណុចព្រះរយព្រះពាន់។ មួយសន្ទុះក្រោយមក ម្ចាស់ទូរសព្ទដៃខាងលើ បានត្រលប់មករកវិញ ក្រុមការងារក៏បាន ប្រគល់ជូនគាត់វិញភ្លាមៗតែម្តង។
ករណីទី២ នាវេលាម៉ោង ០៥៖១៣នាទី មានភ្ញៀវជាតិម្នាក់ បានរើសបានទូរសព្ទដៃ១គ្រឿង ម៉ាក SAMSUNG នៅប្រាសាទនាគព័ន្ធ និងបានយកមកប្រគល់ជូនភ្នាក់ងារទេសចរ ដើម្បីស្វែងរកម្ចាស់ដើមមកទទួលវិញផងដែរ។ លុះដល់ម៉ោង០៥៖២៦នាទី ម្ចាស់ទូរសព្ទដៃបានត្រលប់មករកវិញ ក្រុមភ្នាក់ងារទេសចរសហការជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ បានប្រគល់ជូនម្ចាស់វិញផងដែរ៕

