នគរបាលចាប់ខ្លួនមេខ្លោងធំ អូសទាញពលរដ្ឋឱ្យធ្វើសកម្មភាពទទួលប្រាក់ពីក្រុមឧក្រិដ្ឋជន

ភ្នំពេញ៖ មេខ្លោងធំដែលបានធ្វើសកម្មភាពអូសទាញពលរដ្ឋទទួលប្រាក់ពីក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធរូបិយបណ្ណឌីជីថល Binance ត្រូវនគរបាលជំនាញចាប់ខ្លួនបញ្ចូនទៅតុលាការ។ នេះបើតាមការឱ្យដឹងពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលបានធ្វើការស្រាវជ្រាវអង្កេតយ៉ាងស៊ីជម្រៅ រហូតបង្រ្កាបករណីឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គម និងឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ក រ.ស ភេទប្រុស ជាសិស្សនិស្សិត មានទីលំនៅក្នុងខេត្តកំពង់ធំ ត្រូវបានជនល្មើសដែលជាមេក្លោងអូសទាញ និងបញ្ជាឱ្យធ្វើសកម្មភាពទទួលប្រាក់ទទួលបានពីអំពើឆបោកប្រជាពលរដ្ឋ តាមរូបភាពវិនិយោគក្នុងបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម ហើយបំប្លែងជារូបិយបណ្ណឌីជីថល (Crypto currentcy) តាមកម្មវិធី Binance។
បច្ចុប្បន្ន ជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

