ទេសរដ្ឋមន្ដ្រី គី តិច បន្ដជួបជនរងគ្រោះជិត៣០០នាក់ទៀត ក្នុងសំណុំរឿងក្រុមហ៊ុន ឡេង ចាន់ណា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមេធាវីរាជរដ្ឋាភិបាល បានបន្ដជួបជាមួយជនរងគ្រោះចំនួន២៨៦នាក់ទៀត ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមជាទី៥។ ជំនួបនេះធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច បានអះអាងថា ក្រោយទទួលបានការប្រគល់សិទ្ធិពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដើម្បីផ្ដល់មធ្យោបាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំហានបន្ទាប់លោកនឹងដឹកនាំមេធាវីរាជរដ្ឋាភិបាល ចុះតាមបណ្ដាខេត្តតែម្ដងដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ សំដៅកាត់បន្ថយការចំណាយក្នុងការងារធ្វើដំណើរមករាជធានីភ្នំពេញ។ ខេត្តដែលជាគោលដៅនោះ អាចខេត្តសៀមរាប ឬខេត្តបន្ទាយមានជ័យជាដើម។
ដោយឡែក សម្រាប់ជនរងគ្រោះដែលកំពុងបម្រើការងារនៅក្រៅប្រទេសវិញ ឯកឧត្តមទេសរដ្ឋមន្ត្រីគី តិច បានអះអាងថា ពួកគាត់អាចធ្វើការទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសនោះតែម្ដង ដើម្បីធ្វើការផ្ដិតមេដៃប្រគល់សិទ្ធិ ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាឡើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការជួបជាមួយប្រជាពលរដ្ឋលើកទី៥ ជិត៣០០នាក់នៅពេលនេះ ក្រោយក្រុមមេធាវីរាជរដ្ឋាភិបាលបានជួបជាមួយជនរងគ្រោះលើករួចមកហើយ។ លោកថា តាមព័ត៌មានដែលលោកទទួលបាន មានប្រជាពលរដ្ឋជាង៣,០០០នាក់ ដែលអះអាងថា ជនរងគ្រោះក្នុងករណីនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច បានបញ្ជាក់ទៀតថា ការជួបប្រជាពលរដ្ឋរងគ្រោះនៅពេលនេះ ក៏មិនខុសពីលើកមុនៗដែរ ពោលធ្វើឡើងក្នុងគោលបំណងធំចំនួន២ រួមមាន៖ ទី១.ការប្រគល់សិទ្ធិជាតំណាងដោយស្របច្បាប់ជូនមេធាវី តាមរយៈការផ្ដិតមេដៃដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ និងទី២.ប្រមូលយកភស្ដុតាងដែលបញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះយ៉ាងពិតប្រាកដ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានពន្យល់ថា នៅពេលជនរងគ្រោះប្រគល់សិទ្ធិរួចរាល់ហើយនោះ មេធាវីមានសិទ្ធិទៅការពារក្ដីក្នុងសំណុំរឿងដែលប្រគល់សិទ្ធិប៉ុណ្ណោះ ពោលមិនអាចទៅអនុវត្តអ្វីដែលលើសនេះឡើយ ដូច្នេះហើយសូមជនរងគ្រោះទាំងអស់កុំព្រួយបារម្ភ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច បានបន្ថែមទៀតថា កន្លងមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍ថ្មីៗ ក្នុងសំណុំរឿងនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ថាកន្លងមកការយកចិត្តទុកដាក់បង្ហាញឲ្យបានឃើញ តាមរយៈចាប់ជនពាក់ព័ន្ធ និងបញ្ចប់មុខងារឧកញ៉ា និងកំពុងស្វះស្វែងគ្រប់មធ្យោបាយទាំងអស់ ដើម្បីជួយជនរងគ្រោះ។ លោកសង្កត់ធ្ងន់ថា បច្ចុប្បន្នបុគ្គល ឡេង ចាន់ណា កំពុងស្ថិតក្នុងពន្ធនាគារ ក្រោមចំណាត់ការច្បាប់យ៉ាងម៉ឺងម៉ាត់។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាលបានចាត់បញ្ជាក្រុមការងារជំនាញមួយក្រុមទៀត ដើម្បីស្រាវជ្រាវរកទ្រព្យសម្បត្តិរបស់បក្ខពួកអតីតឧកញ៉ា ឡេង ចាន់ណា ដែលបានពីការឆបោកប្រជាពលរដ្ឋនាពេលកន្លងទៅនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច បានសង្កត់ធ្ងន់ថា ការប្រគល់សិទ្ធិដោយស្របច្បាប់នៅពេលនេះ ដើម្បីឲ្យមេធាវីរាជរដ្ឋាភិបាលតតាំងក្ដីតាមផ្លូវតុលាការ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ។ ឯកឧត្តមទេសរដ្ឋមន្ត្រីកត់សម្គាល់ថា នេះជាលើកទី១ហើយ ដែលរាជរដ្ឋាភិបាលបញ្ជូនមេធាវីររដ្ឋាភិបាល ទៅជួយការពារប្រជាពលរដ្ឋក្នុងសំណុំរឿងឯកជន។
សូមបញ្ជា់កថា ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ក៏បានជួបជាមួយជនរងគ្រោះ ចំនួន៤លើករួចមកហើយ សរុបប្រមាណជាង១,៤០០នាក់។ ការជួបនេះនឹងធ្វើឡើងជាបន្ដបន្ទាប់ រហូតទាល់តែគ្រប់ចំនួននៃជនរងគ្រោះ ដើម្បីទទួលយកព័ត៌មានផ្សេងៗ និងបញ្ចប់រាល់ចម្ងល់ទាំងអស់របស់ជនរងគ្រោះ ៕

