រុស្ស៊ី និងអេហ្ស៊ីប ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រមេឌីទែរ៉ាណេ

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃសៅរ៍ថា នាវាចម្បាំងពីរគ្រឿងនៃកងនាវាចរប៉ាស៊ីហ្វិករុស្ស៊ីនឹងចូលរួមក្នុងសមយុទ្ធយោធាជើងទឹករួមគ្នាជាមួយកងទ័ពជើងទឹកអេហ្ស៊ីបនៅសមុទ្រមេឌីទែរ៉ាណេ។
យោងតាមក្រសួង កប៉ាល់ប្រយុទ្ធមួយក្រុមមកពីកងនាវាចរប៉ាស៊ីហ្វិក រួមទាំងនាវាផ្ទុកមីស៊ីល Varyag និងនាវាចម្បាំង Marshal Shaposhnikov បានចាកចេញទៅកាន់កំពង់ផែ Alexandria របស់អេហ្ស៊ីប ដើម្បីចូលរួមសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹកអេហ្ស៊ីប។
ក្រសួងបានបញ្ជាក់បន្ថែមទៀតថា កងនាវាចរអេហ្ស៊ីប នឹងត្រូវបានតំណាងដោយនាវាចម្បាំង ENS Al-Qadeer ក្នុងអំឡុងពេលធ្វើសមយុទ្ធ។
សមយុទ្ធនេះនឹងធ្វើឡើងក្នុងទម្រង់ PASSEX ដែលផ្តោតលើការស្ទាត់ជំនាញបច្ចេកទេសសម្របសម្រួលការប្រយុទ្ធរវាងកងនាវានៃប្រទេសផ្សេងៗគ្នា។ សមយុទ្ធនេះនឹងរួមបញ្ចូលធាតុនៃសមយុទ្ធរួមគ្នា ការបណ្តុះបណ្តាលទំនាក់ទំនង និងសកម្មភាពអធិការកិច្ច។ 
