ប្រជាពលរដ្ឋងាយរងគ្រោះដែលមានជីវភាពខ្វះខាតចំនួន១០២គ្រួសារ នៅស្រុកមេមត់ បានទទួលការជួយសង្រ្គោះពីកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីបានទទួលព័ត៌មានរាយការណ៍ពីអនុសាខាស្រុកភ្លាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានចាត់ឱ្យលោក រស់ សុខន នាយករងសាខាបានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមេមត់ ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំជាំក្រវៀន និងឃុំទន្លូង ជាមួយអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការី ចុះទៅសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០២គ្រួសារ(ឃុំជាំក្រវៀន ចំនួន៣៩គ្រួសារ និងឃុំទន្លូង ចំនួន៦៣គ្រួសារ) ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នាឱកាសនោះដែរ លោកនាយករងសាខាបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើពីការសួរសុខទុក្ខ និងក្ដីនឹករឭកពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មការធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា នឹងជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសារជនរងគ្រោះ និងជនងាយរងគ្រោះទាំងអស់ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលជាជនរងគ្រោះ និងរងគ្រោះគ្រប់ៗគ្នាស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល”។
ជាមួយគ្នានេះ លោកក៏បានជូនពរដល់គ្រួសារជនងាយរងគ្រោះទាំងអស់សូមមានសុខភាពល្អ និងឆាប់ជាសះស្បើយពីរោគាពាធនេះ ថែមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាខិតខំថែរក្សាសុខភាពឱ្យបានល្អដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពអនុវត្តតាមវិធានការរបស់ក្រសួងពាក់ព័ន្ធនានា ដោយបងប្អូនសូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺគ្រុនឈាម ការបន្ស៊ាំខ្លួនជាមួយការប្រែប្រួលអាកាសធាតុ និងជំងឺកូវីដ-១៩ តាមរយៈ៣ការពារ និង៣កុំ រួមទាំងការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ដូសទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនរួមមាន៖អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង និងថវិកាមួយចំនួនផងដែរ៕

