សម្តេចធិបតី៖ សមិទ្ធផលធំសម្រាប់ប្រទេសជាតិ គឺផ្តើមចេញពីមនុស្សម្នាក់ៗ សម្រេចជោគជ័យក្នុងការសិក្សានិងការងារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សិស្សនិស្សិតដែលបញ្ចប់ការសិក្សានៅថ្ងៃនេះ នឹងក្លាយទៅជាតួអង្គធនធានមនុស្សដែលអាចយកទៅបម្រើការងារបានក្នុងការជំរុញសេដ្ឋកិច្ច អាចជាអ្នកដឹកនាំ ឬអាចជួយធ្វើការជំរុញសកម្មភាពការងារនៅតាមបណ្តាអង្គភាព ស្ថាប័នទាំងវិស័យរដ្ឋ និងវិស័យឯកជន ឬនៅតាមអង្គការនានា ព្រមទាំងការធ្វើស្វ័យនិយោជន៍ខ្លួនឯងផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការសម្រេចបានសិក្សា និងការងារគឺជាសមិទ្ធផលដ៏ធំបំផុតសម្រាប់ប្រទេសជាតិ ដែលបានផលកើតឡើងចេញពីប្រជាជនដោយផ្តើមចេញពីម្នាក់ៗ និងទាំងអស់គ្នា។ ទន្ទឹមនឹងសម្រេចបានការសិក្សាជោគជ័យ គឺអបអរសាទរ និងអបអរសាទរដល់ប្រទេសជាតិ ដែលទទួលបានធនធានមនុស្សដែលគុណវុឌ្ឍិបន្ថែមទៀតផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ៕

