លោកជំទាវបណ្ឌិត ជា សេរី ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះក្នុងករណីលិចទូកចម្លងត្រង់ចំណុចឃុំឈូក ស្រុកប្រាសាទសំបូរ

ភ្នំពេញ៖ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារជនរងគ្រោះក្នុងករណីលិចទូកចម្លងត្រង់ចំណុចឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីម្សិលមិញនេះ។
សូមជម្រាបថា កាលពីម្សិលមិញនេះ មានឧប្បត្តិហេតុលិចទូកចម្លងដឹកសិស្សសាលា ដែលបណ្តាលឲ្យសិស្សស្រីម្នាក់ឈ្មោះ អ៊ីន សុភ័ក្រ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ បានបាត់បង់ជីវិត ហើយការលិចទូកនេះ កើតឡើងដោយសារការដាក់អ្នកដំណើរលើសចំណុះ និងមានការធ្វេសប្រហែសក្នុងការប្រើអាវពោង ដោយសំអាងថាទឹកនៅរាក់ និងក្មេងៗក្នុងភូមិចេះហែលទឹក។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ជា សេរី ក៏បានប្រជុំពិភាក្សាជាមួយអភិបាលស្រុក និងមេឃុំ ដើម្បីស្វែងយល់បន្ថែមពីមូលហេតុ និងរកដំណោះស្រាយដើម្បីជៀសវាងករណីនេះកើតឡើងលើកក្រោយ។
ជាការងារបន្ទាន់ លោកជំទាវបណ្ឌិត ជា សេរី បានផ្តល់អាវពោងចំនួន៤០ សម្រាប់ប្រើប្រាស់ និងបន្តពិភាក្សាជាមួយអ្នកបច្ចេកទេសដើម្បីរកដំណោះស្រាយល្អជាងនេះ។
សូមបញ្ចាក់ថា ឧប្បត្តិហេតុនេះកើតនៅស្ទឹងសែន ដែលមានចំងាយប្រហែល ១៣០ម៉ែត្រ ពីជ្រោយម្ខាង ទៅជ្រោយម្ខាងទៀត និងមានលំហូរទឹកខ្លាំង ៕

