ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ១៧១គ្រួសារ ក្នុងស្រុករំដួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសាគ្រោះធម្មជាតិផ្សេងៗឲ្យបានទាន់ពេលវេលា នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចកិតិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា អនុសាខា បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅឃុំស្វាយចេក និងឃុំម៉ឺនជ័យ ស្រុករំដួល សរុបចំនួន ១៧១ខ្នង (ខូចខាតទាំងស្រុង ៩ខ្នង មធ្យម ១៦ខ្នង និងតិចតួច ១៤៦ខ្នង) របួសស្រាលមនុស្ស ២នាក់។
អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះទាំងស្រុង និងមធ្យម ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, កន្ទេលជ័របត់ ១, មុង ១, សារុង ១, ភួយ ១, ក្រម៉ា ១ និងថវិកា ៥ម៉ឺនរៀល។ ដោយឡែកគ្រួសាររងគ្រោះទាំងស្រុងទទួលបានបន្ថែម៖ កៅស៊ូតង់ ១, ធុងទឹកជ័រ ១, ឆ្នាំងបាយ សម្លរ ២ និងថវិកា ២សែនរៀល។ សម្រាប់គ្រួសាររងគ្រោះតិចតួចទទួលបានថវិកា ៦ម៉ឺនរៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ និងបានឧបត្ថម្ភ អ្នករបួស ក្នុងម្នាក់ថវិកា ២០ម៉ឺនរៀល។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧបត្ថមថវិកាផ្ទាល់ខ្លួនបន្ថែមសម្រាប់គ្រួសាររងគ្រោះធ្ងន់ក្នុង១គ្រួសារ ២០ម៉ឺនរៀល គ្រួសាររងគ្រោះមធ្យម ក្នុង១គ្រួសារ ៥ម៉ឺនរៀល ផងដែរ ៕

