ឆមាសទី១ ឆ្នាំនេះ នគរបាលខេត្តស្ទឹងត្រែង បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់

ភ្នំពេញ៖ លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២៤ កងកម្លាំង ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន ១៧ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៦នាក់ ។
ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ និងក្មេងទំនើង ក្រោមអធិបតីភាពឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោក សែន វ៉ាន់ស៊ីម បានមានប្រសាសន៍ថា ឆមាសទី១ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌកើតឡើង ១៨/១៤ករណី ឃើញថាកើនឡើង ៤ករណី ក្នុងនោះ៖ -បទល្មើសឧក្រិដ្ឋ កើតឡើង ១០/០៤ករណី ឃើញថាកើតឡើងចំនួន ៦ករណី, -បទល្មើសមជ្ឈឹមៈ កើតឡើង ៨/១០ករណី ឃើញថាថយចុះចំនួន ២ករណី ។
លោកគូសបញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌខាងលើ បណ្តាលមនុស្សស្លាប់ ១នាក់ ប្រុស, រងបួសធ្ងន់ចំនួន ៣នាក់ ស្រី ២នាក់, ជនរងគ្រោះចំនួន ១៩នាក់ ស្រី ៦នាក់ និងម៉ូតូ ៣គ្រឿង ។
លោកអភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងបញ្ជាក់ថា «លទ្ធផលបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន ១៧/១៨ករណីខាងលើ ឃាត់ខ្លួនជនសង្ស័យចំនួន ២៦នាក់ ស្រី ១នាក់ ក្នុងនោះ៖ កម្លាំងជំនាញ បង្ក្រាបជាក់ស្តែងចំនួន ១១ករណី បានធ្វើការឃាត់ខ្លួនជនសង្ស័យ១៩នាក់ ស្រី ១នាក់ និងស្រាវជ្រាវស៊ើបអង្កេតចំនួន ៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ប្រុស ចាប់យកវត្ថុតាងរួមមានៈ ម៉ូតូចំនួន ៣គ្រឿង, គោយន្តកន្ត្រៃយ៍ ១គ្រឿង, កាបូបលុយ ១.ប្រាក់រៀលចំនួន ១.០០០.០០០រៀល, ទូរស័ព្ទ ២គ្រឿង, ដាវ ៣ដើម, កាំបិត ៧ដើម វត្ថុមួយចំនួនទៀត រួចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្ត ដើម្បីចាត់កា រតាមនីតិវិធី» ៕

