មជ្ឈមណ្ឌលអ៊ីហាវសិល្បៈ នឹងក្លាយទៅជាទីតាំងភ្ជាប់ទំនាក់ទំនងវប្បធម៌និងសិល្បៈរវាងប្រជាជនកម្ពុជា-ចិន

ភ្នំពេញ៖ មជ្ឈមណ្ឌលអ៊ីហាវសិល្បៈ នឹងក្លាយទៅជាទីតាំងភ្ជាប់ទំនាក់ទំនងវប្បធម៌និងសិល្បៈរវាងប្រជាជនកម្ពុជា-ចិន ព្រោះវប្បធម៌ចិនមានដូចជា ការសរសេរ គូរគំនូរ តែងកំណាព្យ ភ្លេងជាដើម ហើយសម្រាប់វប្បធម៌ខ្មែរ មានដូចជា៖ គំនូរលើប្រាសាទអង្គរវត្ត ការរាំរបាំបុរាណ ដោយអាចជំរុញនិងផ្សារភ្ជាប់វប្បធម៌ទាំងពីរឱ្យកាន់តែមានភាពរីកចម្រើន និងល្អប្រសើរបន្តទៅមុខទៀត។
នៅក្នុងពិធីសម្ភោធជាផ្លូវការ នៃមជ្ឍមណ្ឌលអ៊ីហាវសិល្បៈ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៣៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ លោក កៅ ស៊ូដុង (Cao xu dong) ប្រធានមជ្ឍមណ្ឌលអ៊ីហាវសិល្បៈ បានឱ្យដឹងថា ការបង្កើតនូវមជ្ឈមណ្ឌលអ៊ីហាវសិល្បៈ មិនត្រឹមតែជាការនាំមកនូវវប្បធម៌និងសិល្បៈមកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺនឹងនាំយកនៅវិចិត្រករពីប្រទេសចិនថ្មីៗបន្ថែមទៀត ដើម្បីបង្ហាញស្នាដៃនៅក្នុងមជ្ឈមណ្ឌលមួយនេះ។
លោកប្រធានមជ្ឍមណ្ឌល បានបន្តថា មជ្ឈមណ្ឌលមួយនេះ ក៏អាចមានរៀបចំជាសិក្ខាសាលាទាក់ទងអំពីវប្បធម៌និងសិល្បៈ ដើម្បីជួយជំរុញឱ្យវិចិត្រករជំនាន់មុន ចូលរួមចែករំលែកបទពិសោធន៍ផ្សេងៗ និងទទួលយកនូវគំនិតថ្មីៗពីវិចិត្រជំនាន់ក្រោយ ដើម្បីបណ្តុះជាគោលគំនិត និងជំរុញការងារមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងពេលបច្ចុប្បន្ននេះ វប្បធម៌និងសិល្បៈ គឺជាកម្លាំងមួយដែលអាចធ្វើឱ្យប្រជាជន មានភាពស្រស់ស្រាយ គំនិតភ្លឺស្វាង ដូច្នេះលោកសង្ឃឹមថា មជ្ឈមណ្ឌលនេះ នឹងក្លាយទៅជាទីកន្លែងមួយដែលអាចផ្តល់ភាពរីករាយនិងកក់ក្តៅទៅដល់ប្រជាជននៃប្រទេសទាំងពីរ។
មជ្ឈមណ្ឌលនេះ ក៏មាននៅតាមបណ្ដាប្រទេសផ្សេងៗ ដូចជា៖ ចិន, អាមេរិក, ម៉ាឡេស៊ី ជាដើម ដូច្នេះ មជ្ឈមណ្ឌលនេះ នឹងប្រមូលផ្ដុំនៅវិចិត្រករនិងអ្នកវិនិយោគ ឱ្យមកបង្ហាញស្នាដៃ ក៏ដូចជាមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែច្រើន តាមរយៈការផ្សព្វផ្សាយវប្បធម៌រួមគ្នានេះ។
ជាចុងក្រោយ លោក កៅ ស៊ូដុង Cao xu dong ប្រធានមជ្ឍមណ្ឌលអ៊ីហាវសិល្បៈ សង្ឃឹមថា ក្នុងពេលអនាគតប្រជាជននៃប្រទេសទាំងពីរ នឹងរួមគ្នាជំរុញវប្បធម៌និងសិល្បៈនៃប្រទេសទាំងពីរ កាន់តែរីកចម្រើនបន្តទៅមុខបន្ថែមទៀត ៕

