ឯកឧត្ដម សក់ សេដ្ឋា៖ ៨ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងស្រុកបវេល បានប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបវេល បានថ្លែងឲ្យដឹងថា ក្នុងអំឡុងពេល៨ថ្ងៃ រួមទាំងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត, ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងស្រុកបវេលបាន ប្រព្រឹត្តទៅដោយរលូន ស្របតាមប្រតិទិននៃយុទ្ធនាការឃោសនាបោះឆ្នោតដែលបានផ្តល់ជូន គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ។
ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តទី៤ ក្នុងស្រុកបវេល ខេត្តបាត់ដំបង នៅទីស្នាក់ការគណបក្សស្រុកបវេល នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សក់ សេដ្ឋា បានថ្លែងថា ថ្ងៃនេះយើងបានមកជួបជុំគ្នា ដើម្បីប្រារព្ធពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ របស់គណបក្សប្រជាជនកម្ពុជាស្រុកបវេល នាឱកាសដ៏ថ្លៃថ្លានេះ។
ឯកឧត្ដម សក់ សេដ្ឋា បានមានប្រសាសន៍ថា ទន្ទឹមនេះ តាមការវាយតម្លៃជារួម, ដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងខេត្តបាត់ដំបង ក៏ដូចនៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជានីតិវិធី និងប្រតិទិននៃការបោះឆ្នោតដែល កំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកបដោយបរិយាកាសល្អប្រសើរ, គ្មានអំពើ ហិង្សា, រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ក្នុងនាម សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, ក្នុងនាម សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស, ក្នុងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បាត់ដំបង និងស្រុកបវេល ឯកឧត្ដម សក់ សេដ្ឋា បានសម្តែងនូវការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់នៃស្រុកបវេល, បេក្ខជនក្រុមប្រឹក្សាខេត្តបាត់ដំបង, បេក្ខជន ក្រុមប្រឹក្សាស្រុកបវេលគ្រប់ៗរូប ដែលបានសាមគ្គីសហការគ្នា ចូលរួមក្នុងសកម្មភាពយុទ្ធនាការ ឃោសនាបោះឆ្នោតនេះ ស្របតាមគោលការណ៍ដឹកនាំណែនាំរបស់គណបក្ស និងខិតខំរួមគ្នាគោរព បានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជានីតិវិធីនៃការបោះឆ្នោត និងគោលការណ៍ណែនាំនានារបស់ គ.ជ.ប ៕



