សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សិល្បករកម្ពុជាគ្រប់រូប សុទ្ធតែជាឯកអគ្គរាជទូត តំណាងឲ្យវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី និងពិសាអាហារសាមគ្គី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សិល្បករកម្ពុជាគ្រប់ៗរូប សុទ្ធតែជាឯកអគ្គរាជទូតតំណាងឱ្យវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ ។
ជាមួយគ្នានោះសម្ដេចមហាបវរធិបតី ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា មរតកវប្បធម៌ខ្មែរ ដោយត្រូវចាត់ទុកថា វប្បធម៌សម្រាប់យើងទាំងអស់គ្នា យើងទាំងអស់គ្នាសម្រាប់វប្បធម៌ ។
សម្ដេចធិបតី បញ្ជាក់ថា «យើងទាំងអស់គ្នាពិតជាទទួលស្គាល់ថា តួនាទីរបស់សិល្បៈករ សិល្បៈការិនី កាន់តែមានភាពសារៈសំខាន់ខ្លាំងៗ ជាពិសេសសិល្បករមួយរូបៗសុទ្ធតែជា ឯកអគ្គរាជទូត តំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ នេះបំផុសកាន់តែខ្ពស់ឡើង អត្តសញ្ញាណ និងភាពរុងរឿងសាជាថ្មី និងក្ដីស្រឡាញ់ នៃការការពារវប្បធម៌ឱ្យកាន់តែខ្លាំងក្លាសម្បើម»។
សម្ដេចបន្ថែមថា ការធ្វើសមាហរណកម្មវិស័យវប្បធម៌ចូលទៅក្នុងពិភពលោក គឺបង្កើតបានជាឱកាសឱ្យកម្ពុជា អាចបង្ហាញអ្វីដែលខ្មែរមាន អ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរនៅលើឆាកអន្តរជាតិ។ សម្ដេច បានបន្ថែមថា ការសម្ដែងរបាំខ្មែរជាច្រើននៅលើវេទិកាជាតិ និងអន្តរជាតិជាច្រើន បាននាំប្រពៃណីវប្បធម៌របស់កម្ពុជា។
សម្ដេចធិបតីគូសបញ្ជាក់ថា របាំជូនពរ របាំសហសម័យ ចម្រៀងសម័យនៅកម្ពុជា នៅក្រៅប្រទេសតាមវេទិកាផ្សេងៗ ទៅបង្ហាញអន្តរជាតិ ការរៀបចំពិធីដាក់តាំងពិពណ៌ផ្សេងៗ ដែលមានរូបចម្លាក់ខ្មែរនៅគ្រប់ពិពណ៌អន្តរជាតិ ភាពយន្តខ្មែរដែលបានដាក់បញ្ចាំងនៅអន្តរជាតិ ភាពយន្តខ្មែរដែលថតពីកម្ពុជា បានអនុញ្ញាតឱ្យនាំយកនូវវប្បធម៌សិល្បៈរបស់ខ្មែរទៅបង្ហាញបរទេស៕

