ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំកម្មវិធីរំលឹកខួបនៃការតាក់តែងច្បាប់រដ្ឋធម្មនុញ្ញឥណ្ឌា ការកសាងប្រទេសជាតិ និងទស្សនៈរបស់លោកបណ្ឌិត B.R. Ambedkar

ភ្នំពេញ៖ ដើម្បីរំលឹកដល់ថ្ងៃកំណើតលោក បណ្ឌិត B.R.Ambedkar ស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអន្តរជាតិDr. Ambedkar ទីក្រុងញូវដេលី ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ និងក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីស្តីពី “ ការចូលរួមចំណែករបស់ បណ្ឌិត B.R. Ambedkar ក្នុងការតាក់តែងច្បាប់រដ្ឋធម្មនុញ្ញឥណ្ឌា ការកសាងប្រទេសជាតិ និងទស្សនៈរបស់លោកស្តីពីព្រះពុទ្ធសាសនា” ដែលកម្មវិធីនេះធ្វើឡើងនៅសាលសន្និសីទនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាង ឯកឧត្តម ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពី សាកលវិទ្យាធិការរង បុគ្គលិកស្ថានទូត សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត ។
ឯកឧត្តម ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ជាការពិតណាស់ កម្មវិធីនាឱកាសនេះគឺរំលឹកដល់ស្នាដៃរបស់ Dr. Bhimrao Ramji Ambedkar ព្រមជាមួយអត្ថន័យខ្លឹមសារ និងជាការចងចាំដ៏មានសារៈសំខាន់មួយ ពីព្រោះវីរភាព និងការតស៊ូរបស់លោកបណ្ឌិតក្នុងការស្តារឡើងវិញនូវសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ ការលុបបំបាត់នូវភាពរើសអើង ហើយជាពិសេសគឺការលើកស្ទួយនូវព្រះ ពុទ្ធសាសនា និងយកធម៌របស់ព្រះពុទ្ធអង្គជាមាគ៌ាក្នុងការកសាងនូវសន្តិភាព ស្ថិរភាព និងសុខដុមរមនា ដែលប្រជាជន និងប្រទេសឥណ្ឌាចងចាំជានិច្ច។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានមានប្រសាសន៍លើកឡើងពីទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា និងឥណ្ឌា ហើយទំនាក់ទំនងដ៏ល្អទាំងកិច្ចសហប្រតិបត្តិការលើកគ្រប់វិស័យ ពិសេសទំនាក់ទំនងជាប្រពៃណីដែលមានស្រាប់តាំងពីយូរលង់ណាស់មកហើយ ហើយទំនាក់ទំនងនេះនៅតែពូនជ្រុំរឹតចំណងមេត្រីភាពសម្រាប់ពេលអនាគតទៅមុខទៀត ហើយឥណ្ឌាក៏បានផ្តល់ជាអាហារូបករណ៍ជាច្រើនកន្លែងសម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សានៅប្រទេសឥណ្ឌាផងដែរ។
លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បណ្ឌិត B.R. Ambedkar គឺជាបញ្ញវន្តដ៏អស្ចារ្យបំផុតមួយរបស់ប្រទេសឥណ្ឌា រដ្ឋបុរសដែលមើលឃើញវែងឆ្ងាយ គឺជាបុគ្គលមនុស្សធម៌ សេដ្ឋវិទូ ព្រឹទ្ធបុរស និងជាអ្នកនិពន្ធដ៏អស្ចារ្យ។ លោកគឺជាអ្នកប្រាជ្ញផ្នែកច្បាប់ពិតប្រាកដ អ្នកជំនាញខាងរដ្ឋធម្មនុញ្ញនៃចក្ខុវិស័យលទ្ធិប្រជាធិបតេយ្យដ៏ពិសេសមួយរបស់ប្រទេសឥណ្ឌានិងប្រជាជន ហើយសំខាន់ជាងនេះទៅទៀតគឺជាអ្នកកសាងជាតិដ៏អស្ចារ្យមួយ ព្រមទាំងបានលើកឡើងអំពីសេរីភាព សមភាព ភាតរភាព និងយុត្តិធម៌សង្គម។
កម្មវិធីនាឱកាសនេះក្នុងគោលបំណងគឺដើម្បីអប់រំ និងបង្កើតការយល់ដឹងអំពីការរួមចំណែកសំខាន់ៗដែលធ្វើឡើងដោយលោកបណ្ឌិត B.R. Ambedkar ក្នុងវិស័យសង្គម និងអប់រំផ្សេងៗ និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកសិក្សាមកពីប្រទេសឥណ្ឌា និងកម្ពុជា ព្រមទាំងបានផ្តល់ឱកាសដល់និស្សិតកម្ពុជាក្នុងការស្វែងយល់ពីគំនិតល្អៗបែបព្រះពុទ្ធសាសនាពីអ្នកប្រាជ្ញឥណ្ឌាផងដែរ៕

