កម្ពុជាត្រៀមខ្លួនទទួលស្វាគមន៍ទស្សនកិច្ចប្រធានរដ្ឋឡាវនាពេលឆាប់ៗខាងមុខ

ភ្នំពេញ៖ ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ទទួលលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនទទួលស្វាគមន៍ទស្សនកិច្ចប្រធានរដ្ឋឡាវ គឺ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) នៅកម្ពុជានាពេលឆាប់ៗខាងមុខ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ បានបន្តថា ដោយឡែក នៅឆ្នាំ២០២៤នេះ ឡាវជាប្រធានប្ដូរវេនអាស៊ាន ហើយត្រង់នេះ កម្ពុជាតាមរយៈសម្ដេចធិបតី បានប្រកាសស្វាគមន៍ ការគាំទ្រមិត្តឡាវក្នុងបេសកកម្មនេះ និងបានចូលរួមជាថវិកាដល់មិត្តឡាវ ប្រមាណ១លានដុល្លារ។
ឯកឧត្តម បានឱ្យដឹងបន្ថែមថា ចំពោះកម្ពុជាវិញនៅឆ្នាំ២០២៤ នេះ ប្រធាននៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាអូតាវ៉ា ហើយក្នុងន័យនេះសម្ដេចធិបតី បានលើកទឹកចិត្ត ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យពន្លឿនការចូលរួមរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជារដ្ឋភាគីនៃអនុសញ្ញាដ៏សំខាន់នេះ និងបានអញ្ជើញមិត្តឡាវចូលរួមកិច្ចប្រជុំកំពូលសៀមរាបអង្គរស្ដីពីពិភពលោកគ្មានមីន នៅខែវិច្ឆិកា ឆ្នាំ២០២៤នៅខេត្តសៀមរាប៕
