ទិដ្ឋភាពនៃការចូលរួមសង្កេតការណ៍ របស់ក្រុមការងារ ACU លើដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣

ភ្នំពេញ៖ ដើម្បីធានាឱ្យការប្រឡងប្រជែងនេះប្រព្រឹត្តទៅប្រកបដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងការប្រឡងប្រជែង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍ ការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣ ដែលរៀបចំដោយ បណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា និងមានរយៈពេលមួយថ្ងៃពេញ នៅមណ្ឌលប្រឡង បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
បេក្ខជនចំនួន៣៩៣ រូប (ស្រីចំនួន ១០៩ រូប) ត្រូវបានប្រកាសទទួលស្គាល់សិទ្ធិប្រឡង ដោយជ្រើសរើសបេក្ខជនជ័យលាភីក្នុងដំណាក់កាលសំណេរចំនួន ៧៥ រូបដើម្បីចូលរួមប្រឡងវិញ្ញាសាសួរផ្ទាល់មាត់។ ដំណាក់កាលសំណេរប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ លើមុខវិជ្ជានីតិរដ្ឋប្បវេណី នីតិវិធីរដ្ឋប្បវេណី នីតីព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ។ វិញ្ញាសាសួរផ្ទាល់មាត់ ពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌ នឹងជូនដំណឹងនៅពេលក្រោយ ដោយបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា។
គិតចាប់តាំងពីឆ្នាំ២០២២ មក នេះជាលើកទី២ ដែល អ.ប.ព. បានចូលរួមសង្កេតការណ៍ប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា។
សូមជម្រាបជូនថា អ.ប.ព. ចូលរួមសង្កេតការណ៍ដំណាក់កាលប្រឡង ដំណាក់កាលកំណែ ស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ រហូតប្រកាសលទ្ធផលស្ថាពរ ៕

