លោកជំទាវ ដួង វណ្ណា និងលោកជំទាវ អាយ កុសមា ប៉េង ពោធិ៍សា ជួបសំណេះសំណាល និងនាំយកសម្ភារៈមួយចំនួនប្រគល់ជូនក្មួយៗ ស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងលោកជំទាវ អាយ កុសមា ប៉េង ពោធិ៍សា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ នៃក្រសួងអធិការកិច្ច បានអញ្ជេីញជួបសំណេះសំណាល និងនាំយកនូវសម្ភារៈមួយចំនួនប្រគល់ជូនក្មួយៗ ដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
លោកជំទាវ ដួង វណ្ណា បានណែនាំដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដោយត្រូវស្តាប់តាមដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីអនាគតរបស់ក្មួយៗបើទោះក្មួយៗចៅៗជាក្មេងកំព្រាត្រូវតស៊ូជំនះរាល់ឧបសគ្គ ហេីយត្រូវខិតខំរៀនសូត្រ បង្កើនសមត្ថភាពជំនាញ ដើម្បីជាការតបស្នងសងគុណដល់ប្រប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ជួយទំនុកបំរុង និងជួយជ្រោមជ្រែង និងត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន បើមានមិត្តភ័ក្រ្ត ឬនរណាម្នាក់អូសទាញ ត្រូវជៀសវាងអោយបានដាច់ខាត។
អំណោយដែលលោក ដួង វណ្ណា និងលោកជំទាវ អាយ កុសមា ប៉េង ពោធិ៍សា បាននាំយកអំណោយជាសម្ភារសិក្សា និងធ្វើនំបញ្ចុកសម្លការីជូនដល់មណ្ឌលកុមារកំព្រាខេត្តស្វាយរៀង,មណ្ឌលសេចក្ដីសន្យា ស្រុករមាសហែក និងមណ្ឌលសេចក្ដីសន្យា ក្រុងបាវិត ដែលមានកុមារសរុបចំនួន ៧១នាក់ ស្រី ៣៣នាក់ ដែលម្នាក់ៗទទួលបាន ឃីត១កញ្ចប់រួមមាន ( កាតាប១,សម្ភារសិក្សា១ឆុត,នំប័ហ្គឺ១,ថវិកា២០,០០០៛) ,ឧបត្ថម្ភមន្រ្ដី និងអ្នកថែទាំកុមារ១៧នាក់ដែលម្នាក់ៗទទួលបាន ថវិកា ១០០,០០០៛សារ៉ុង១,ក្រម៉ា១,ឧបត្ថម្ភសម្រាប់មណ្ឌលទាំងបីក្នុង១មណ្ឌលទទួលបានថវិកា ១,៥០០,០០០៛ ,មី១កេសធំ,ទឹកសុទ្ធ៥កេស,ទឹកក្រូច២កេស,ទឹកស៊ីវអុីវ៣យួរ,ទឹកត្រី៣យួរ,អង្ករ៥០គីឡូ៕

