រដ្ឋមន្ត្រីមហាផ្ទៃជំរុញឲ្យរដ្ឋបាលខេត្តព្រៃវែង ផ្សព្វផ្សាយនិងពន្យល់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

ភ្នំពេញ៖ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឲ្យឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងផ្សព្វផ្សាយនិងពន្យល់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។
យោងអនុក្រឹត្យលេខ៣២៩ អនក្រ.បក ចុះថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ លិខិតលេខ០០៣ម.ជ/២៤ ក.ប/៨.ល ចុះថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ – យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ។ ”
កន្លងមក ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើយុទ្ធនាការផ្សព្វផ្សាយនៅតាមបណ្តាញទំនាក់ទំនងសង្គម សារព័ត៌មាន សិល្បករ និងអ្នកមានប្រជាប្រិយភាពក្នុងបណ្តាញសង្គមដើម្បីពន្យល់អំពីអត្ថប្រយោជន៍និងជំរុញយុវជន ឱ្យចុះឈ្មោះចូលរៀន និងបានបើកថ្នាក់បណ្តុះបណ្ដាលដល់យុវជនជាបន្តបន្ទាប់។ ទោះបីមានការអប់រំផ្សព្វផ្សាយ ច្រើនយ៉ាងណាក៏ដោយ ចំនួននៃការចុះឈ្មោះរបស់យុវជនចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស នៅមានកម្រិតទាបជាងការរំពឹងទុកនៅឡើយ។
ក្នុងន័យនេះ ដើម្បីអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងជំរុញឱ្យយុវជន ចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្រសួងមហាផ្ទៃសូមស្នើ ឯកឧត្តម ចាត់ឱ្យមានការផ្សព្វផ្សាយកម្មវិធី បណ្តុះបណ្តាលខាងលើឱ្យបានទូលំទូលាយ និងជួយជំរុញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ឱ្យបន្តផ្សព្វផ្សាយ ដល់ស្រទាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីជំរុញឱ្យពួកគាត់ទៅចុះឈ្មោះចូលរៀន វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឱ្យបានច្រើនស្របតាមការរំពឹង៕

