ឡាវ ស្នើសុំការគាំទ្រពីកម្ពុជា ក្នុងពេលដែលខ្លួន ធ្វើសហប្រធាន ជាមួយរុស្ស៊ី លើការងារសង្គ្រោះគ្រោះមហន្តរាយមនុស្សធម៌

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារប្រទេសឡាវ បានស្នើសុំការគាំទ្រពីកម្ពុជា ក្នុងពេលដែលឡាវ ធ្វើសហប្រធាន ជាមួយសហពន្ធ័រុស្សី លើការងារសង្គ្រោះគ្រោះមហន្តរាយមនុស្សធម៌ ។
ក្នុងឱកាសចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅទីក្រុងហ្លួងព្រះបាង នៅប្រទេសឡាវ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានជួបប្រជុំទ្វេភាគី ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារប្រទេសឡាវ ។
ក្នុងឱកាសនោះ ឯកឧត្តម ចាន់សាម៉ន ចាន់យ៉ាឡាត បានសម្តែងការស្វាគមន៍ចំពោះ ឯ.ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលបានមកកាន់ប្រទេសឡាវ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន ព្រមទាំងបានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានធ្វើជាសហប្រធានប្រកបដោយជោគជ័យជាមួយ សាធារណរដ្ឋប្រជាមាននិតចិន ក្នុងក្រុមការងារជំនាញ កិច្ចប្រជុំ ADMM បូក លើការងារដោះមីនមនុស្សធម៌ ព្រមទាំងអបអរសាទរចំពោះកម្ពុជាផងដែរ ដែលបានធ្វើជាសហប្រធាន ជាមួយអូស្ត្រាលី លើជំនាញ សន្តិសុខព័ត៌មានវិទ្យា ។
ឯកឧត្តម បានបញ្ជាក់ថា៖ ទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា ឡាវ គឺមានប្រពៃណីទំនាក់ទំនងជាបងប្អូននឹងគ្នា ជាទំនាក់ទំនងមួយដែលមាន វប្បធម៌ ប្រពៃណី ជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ ពីមួយជំនាន់ ទៅមួយជំនាន់ ។
ឯកឧត្តម ចាន់សាម៉ន ចាន់យ៉ាឡាត ក៏បានអបអរសាទរចំពោះកម្ពុជា ដែលមានការអភិវឌ្ឍ លើវិស័យ សង្គម និង សេដ្ឋកិច្ច ។ ឯកឧត្តម បានសម្តែងជំនឿជឿជាក់ថា៖ ប្រទេសទាំងពីរ កងទ័ពទាំង ពីរកម្ពុជាឡាវ និង បន្តកិច្ចសហប្រតិបត្តិការគ្នាកាន់តែជិតស្និតថែមទៀត ជាពិសេសបន្តពង្រឹងនូវទំនាក់ទំនង ដែលសម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានខិតខំ កសាងឡើង នូវកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា ឡាវ ក្នុងពេលកន្លងមក ។
មានមតិឆ្លើយតបវិញ ឯកឧត្តម ទៀ សីហា បានវាយតំលៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ កម្ពុជា ឡាវ ជាបងប្អូន ជាប្រទេសភូមិផងរបងជាមួយគ្នា ដែលធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិជាប្រវត្តិសាស្ត្រ មួយគ្នាតាំងពីយូរលុងណាស់មកហើយ និង បានសម្តែងការអបអរសាទរចំពោះប្រទេសឡាវដែលបានរៀចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នាពេលនេះ ។ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា៖ ការធ្វើសហប្រធានរវាងឡាវ និង សហព័ន្ធរុស្សី ក្នុងក្រុមការងារជំនាញ កិច្ចប្រជុំ ADMM បូក លើការងារ សង្គ្រោះមហន្តរាយមនុស្សធម៌ នឹងនាំមកនូវអត្ថប្រយោជន៍ដល់ប្រទេសឡាវ រួមនិងកម្ពុជា ព្រមទាំងប្រទសអាស៊ានផងដែរ ។
ទាក់ទងទៅនឹងទំនាក់ទំនងរវាងក្រសួងការពារជាតិទាំងពីរកម្ពុជា ឡាវ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអោយ បានជិតស្និតដើម្បីនាំមកនូវការរីចំរើនដល់កងទ័ពប្រទេសទាំងពីរ ។ ឯកឧត្តម ទៀ សីហា បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំដឹកនាំ កសាងប្រទេសកម្ពុជាអោយមានការរីកចំរើន និង បង្កើនកិច្ចសហប្រតិបត្តការជាមួយប្រទេសជិតខាង ដើម្បីនាំមកនូវ សន្តិភាព ស្ថេរភាព ការអភិវឌ្ឍរីកចំរើនដល់ប្រជាពលរដ្ឋទៅថ្ងៃអនាគត ៕

