ស្ត្រីជាតួអង្គសំខាន់ក្នុងការអប់រំកូនៗ ឱ្យចេះស្រឡាញ់ និងការពារបរិស្ថានជាតិ

ភ្នំពេញ៖ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ស្ត្រីជាតួអង្គសំខាន់ក្នុងការអប់រំណែនាំដល់កូនៗរបស់ពួកគេតាំងពីតូចរហូតដល់ធំដឹងក្ដី ឱ្យចេះស្រឡាញ់បរិស្ថាន និងការពារ អភិរក្សធនធានធម្មជាតិ ជាមួយគ្នានេះ ការបេ្តជ្ញាចិត្ត និងបំពេញតួនាទីរបស់ស្រ្តីគឺជាភាពចាំបាច់ក្នុងការឆ្លើយតបទៅនឹងការលើកកម្ពស់យេនឌ័រ បង្កើនភាពធន់នឹងភ្លើងឆេះព្រៃ និងការពង្រឹងជីវភាពរស់នៅរបស់សហគមន៍ ដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។
ការថ្លែងឡើងរបស់លោកជំទាវ រដ្ឋលេខាធិការក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រាបយេនឌ័រទៅក្នុងការអនុវត្ត នៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកជំទាវបន្តថា លើសពីនេះ ការបញ្ជ្រាបយេនឌ័រមានសារៈសំខាន់លើគ្រប់វិស័យទាំងអស់ រួមទាំងការគ្រប់គ្រង់ធនធានធម្មជាតិ ហើយការស្វែងយល់អំពីសារៈសំខាន់នៃការធ្វើឱ្យតុល្យភាពអំណាចរវាងបុរស និងស្រ្តី ដើម្បីរួមចំណែកក្នុងការកែប្រែនូវវិសមភាពលើទំនាក់ទំនងរវាងស្ដ្រី និងបុរសនៃការគ្រប់គ្រង ចាត់ចែង និងការធ្វើសេចក្ដីសម្រចចិត្ត។
ជាមួយគ្នានេះ លោកជំទាវ ងិន លីណា ក៏បានលើកឡើងអំពីការងារមួយចំនួន ដែលមានការចូលរួមពីស្ត្រីឆ្លើយតបនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាតជាអាទិភាព គឺស្អាតលើគោក ក្នុងទឹក និងអាកាស ស្អាតលើកគោកគឺជាផ្នែកមួយនៃការចូលរួមរបស់ស្រ្តី និងកុមារក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងសហគមន៍ រីឯស្អាតក្នុងទឹកគឺសម្អាតកុំឱ្យមានការបំពុលទៅក្នុងប្រភពទឹកប្រើប្រាស់ ដើម្បីសហគមន៍ទទួលបានទឹកស្អាតប្រើប្រាស់ និងអាកាសគឺរួមគ្នាកុំឱ្យមានការដុតព្រៃ ឬផ្សែងបំពុលទៅក្នុងបរិយាកាសដែលនាំឱ្យមានផលប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុលើយេនឌ័រ ដែលស្ត្រី និងកុមារគឺងាយរងគ្រោះជាងគេ។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងចំនួន ៣ដែលរួមមាន ទី១.ពន្យល់ពីតួនាទីសំខាន់ៗ របស់ស្រ្តីក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ក៏ដូចជាការងារអភិវឌ្ឍន៍សហគមន៍ទាំងមូល។ ទី២. ពិរពណ៌នាអំពីស្ថានភាពយេនឌ័រ និងបញ្ហានៅក្នុងសហគមន៍មូលដ្ឋានក្នុងប្រទេសនីមួយៗ។ ទី៣. ទទួលយកនិងចេះប្រើប្រាស់ឧបករណ៍បញ្រ្ជាបយេនឌ័រ ដែលមានលក្ខណៈសាមញ្ញទៅក្នុងការងារ និងការអនុវត្តការគ្រប់គ្រងចិញ្ចឹមជីវិត។
វគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រាបយេនឌ័រទៅក្នុងការអនុវត្ត ដែលរៀបចំឡើងដោយ អង្គការ NTFP-EP នេះ ក៏មានការចូលរួមផងដែរ ពីមន្រ្តីជំនាញពីនាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គគោលនយោបាយយុទ្ធសាស្ត្រ និងមានការចូលរួមពីមន្ត្រីថ្នាក់ក្រោមជាតិ ខ័ណ្ឌរដ្ឋបាលព្រៃឈើតាមបណ្តាខេត្ត និងសហគមន៍ព្រៃឈើ ដែលមានចំនួនសរុប ៤០នាក់៕
