អាវុធហត្ថខេត្តព្រះវិហារ រឹបអូសគ្រឿងញៀនទម្ងន់ជាង១តោន ដែលជនសង្ស័យយកទៅប្លុងចោលក្នុងរថយន្តនៅស្រុកជ័យសែន

ភ្នំពេញ៖ រថយន្ត១គ្រឿង ផ្ទុកគ្រឿងញៀនចំនួន៣៣ការភុង ស្មើនឹង ១,០២០កញ្ចប់ ទម្ងន់ ១,០២០គីឡូក្រាម ដែលជនសង្ស័យយកទៅផ្លុងចោលមុខវិឡ្យាល័យជ័យសែន ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ យកមករក្សាទុកដើម្បីចាត់ការទៅតាមច្បាប់។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការណែនាំជាប្រចាំពីឯកឧត្ត គីម រិទ្ធី អភិបាលខេត្តព្រះវិហារ កងរាជអាវុធហត្ថខេត្តព្រះវិហារ តែងឱ្យកម្លាំងក្រោមឱវាទយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ពិសេសបទល្មើសគ្រឿងញៀនដែលបង្កមហន្តរាយដល់សង្គមជាតិ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ថា ជាក់ស្តែងនៅវេលាម៉ោង១៨:០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែន ចំនួន០៦នាក់ រថយន្ត០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី សុង រ៉ុង មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានចុះល្បាតក៏ប្រទះឃើញរថយន្តម៉ាស្តា០១គ្រឿង ពណ៌ស ផ្លាកលេខស្ទឹងត្រែង 2A-5558 ចតទុកចោលនៅត្រង់ចំណុចមុខសាលាវិទ្យាល័យជ័យសែន ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ដោយមានការសង្ស័យ ក៏បានធ្វើការត្រួតពិនិត្យបើកគូទរថយន្តពិនិត្យមើល ឃើញមានដឹកម្សៅក្រាមពណ៍សថ្លាដាក់ក្នុងកញ្ចប់តែពណ៌លឿង សង្ស័យគ្រឿងញៀន ក៏បានរាយការណ៍ស្នើយោបល់។
ក្រោយទទួលបានការរាយការណ៍ពីលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកជ័យសែន លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បានរាយការណ៍ជូនឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ហើយឯកឧត្តមព្រះរាជអាជ្ញាក៏បានចាត់ឱ្យលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្ត ចុះដឹកនាំសម្របសម្រួលអនុវត្តនីតិវិធី ក៏បានបញ្ជូនវត្ថុតាងមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីធ្វើការត្រួតពិនិត្យវត្ថុតាងជាក់ស្តែង។
ក្រោយពីបានពិនិត្យជាក់ស្តែងឃើញថាមានគ្រឿងញៀនចំនួន ៣៣ការ៉ុង ស្មើនឹង ១,០២០កញ្ចប់ (មួយកញ្ចប់ស្មើ ១,០០០ក្រាម) មានទម្ងន់ចំនួន ១,០២០គីឡូក្រាម។ ចំណែកឯជនសង្ស័យដែលកំពុងគេចខ្លួន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវតាមនីតិវិធីច្បាប់ ៕

