សម្តេចធិបតី៖ សម័យនេះត្រូវការវិទ្យាសាស្ត្រ ដើម្បីព្យាករណ៍ហេតុការណ៍ខាងមុខ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនេះកម្ពុជា បានលើកឡើងថា សម័យនេះត្រូវការវិទ្យាសាស្ត្រ ដើម្បីព្យាករណ៍ហេតុការណ៍ខាងមុខ គឺអត់ត្រូវការគ្រូទាយទេ ។
ក្នុងឱកាសអញ្ជើញប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី បញ្ជាក់ថា «ធ្វើយុទ្ធសាស្ត្រ គឺឲ្យយើងមានភាពបុរេសកម្ម បើមិនអីចឹងទេ យើងនៅតែប្រតិកម្មរហូត។ បើគ្មានភាពបុរេសកម្ម ទោះប្រសិទ្ធភាពដើរទៅមុខក៏ដើរអត់លឿនដែរ។ បើសិនជាយើងដើរ មានការសម្របសម្រួល មានគោលដៅច្បាស់លាស់ ផ្អែកលើវិទ្យាសាស្ត្រក្នុងការវិភាគច្បាស់លាស់។ ឥលូវ អត់មានគ្រូទាយទេ គឺប្រើអ្នកទិន្នន័យហ្នឹងហើយ ជាគ្រូទាយនោះ អ្នកទិន្នន័យហ្នឹងហើយ អាចព្យាករណ៍ថា ទៅខាងមុខយ៉ាងណា»។
សម្តេចធិបតីបន្តថា ថ្ងៃមុនសម្តេចអញ្ជើញទៅមើលក្រុមហ៊ុនមួយ ក៏មានក្មេងៗមួយក្រុម គាត់ធ្វើការទីផ្សារ តែទីផ្សារគាត់ដើរមុន គឺទីផ្សារគាត់ធ្វើការស្រាវជ្រាវនូវស្ថានភាពផលិតផលពិភពលោក បូកជាមួយចិត្តសាស្ត្ររបស់មនុស្សលើពិភពលោក ដើម្បីយកមកភ្ជាប់ជាមួយចិត្តសាស្ត្ររបស់កម្ពុជា ហើយព្យាករណ៍ទៅមុខទៀតថាយុវជនត្រូវការអី។ ក្រុមគាត់ បានរៀបចំផលិតផលទុកមុន នូវអ្វីដែលជាការងារទីផ្សារនឹងអាចកើតឡើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់សម្រាប់ ការងារអង្កេត និង ជំរឿនចាំបាច់នានា ព្រមទាំងការងារប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មាន គ្រប់គ្រាន់សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល៕
