ការអភិវឌ្ឍតំបន់ពាក់ស្នែង ជូនពលរដ្ឋ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំ សម្ដេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ក្រោយសិក្សាស្រាវជ្រាវលំអិតអំពីស្ថានភាពពលរដ្ឋ ១០០គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ រស់នៅតំបន់រុនតាឯក សមាគមក្រុមការងារ១០០រាត្រី បានសិក្សាឃើញថា ប្រជាពលរដ្ឋដែលរស់នៅក្រុងរុនតាឯក ក្រោយចាកចេញពីតំបន់ អប្សរា អះអាងថា ពួកគេបានចាកចេញពីទីនោះដោយស្ម័ក្រចិត្តគ្មានការបង្ខំឡើយ។
ពួកគាត់បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងមែនទែនលើគ្រប់បញ្ហារបស់ប្រជាពលរដ្ឋ ដូចជាការផ្តល់អោយមាននូវសាលារៀន វត្តអារាម មណ្ឌលសុខភាព ទីតាំងកំសាន្ត សាងសង់ផ្សារ និងជាពិសេសទឹក ភ្លើង និងផ្លូវបេតុង។
ការសិក្សាស្រាវជ្រាវនេះ សរបញ្ជាក់ឱ្យឃើញថាអង្គការ Amnesty International ដែលបានចោទរាជរដ្ឋាភិបាលកម្ពុជាថាបានបណ្ដេញប្រជាជនដោយបង្ខំចេញពីលំនៅឋាន គឺខុសពីការពិត ថែមទាំងគ្មានសម្អាងហេតុមូលដ្ឋានច្បាស់លាស់ឡើយ ទាំងនេះគឺជាទង្វើបង្ខូចកិត្តិយសរបស់រាជរដ្ឋាភិបាល។ សមាគមក្រុមការងារ១០០រាត្រី អំពាវនាវអង្គការ Amnesty International សិក្សាស្រាវជ្រាវបន្ថែមឱ្យមានភាពច្បាស់លាស់ សរបញ្ជាក់ឱ្យឃើញថារាជរដ្ឋាភិបាលបានគិតគូរពីប្រជាពលរដ្ឋជាខ្លាំង ការពិតមិនដូចអ្វីដែលអង្គការធ្លាប់បានចោទប្រកាន់ឡើយ។
ទន្ទឹមនឹងនេះ សមាគមក្រុមការងារ ១០០រាត្រី ព្រមទាំងប្រជាពលរដ្ឋដែលចេញពីតំបន់រុនតាឯក ទៅនៅតំបន់ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប សូមសំណូមពររាជរដ្ឋាភិបាលជម្រុញបង្កើតឱ្យមានរោងចក្រ និងវិស័យការងារជូនពលរដ្ឋដើម្បីអាចមានការងារធ្វើផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប្រកបដោយស្ថេរភាព។ ស្របជាមួយគ្នានេះ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ៕
