សម្តេចធិបតី៖ កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែទទួលរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែទទួលរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ ដែលមានដូចជា គ្រោះទឹកជំនន់ជាញឹកញាប់ និងគ្រោះរាំងស្ងួតដែលអូសបន្លាយពេលយូរជាដើម ដែលបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតសត្វនិងជីវភាពប្រជាជន និងរាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ។
ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងបរិស្ថានជាសេនាធិការ បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីឆ្ពោះទៅទទួលបានអព្យាក្រិតកាបូន និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបចីរភាព ដែលជាការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការចូលរួមជាមួយពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជារក្សា និងបង្កើនភាពបៃតងនៃភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ហានេះ និងបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិទាំងកម្រិតតំបន់ និងទូទាំងពិភពលោក ៕
