ឯកឧត្ដម សូ ណារ៉ូ៖ ក្រុមបាតុករដែលប្រឆាំងចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន ទទួលភាពបរាជ័យយ៉ាងអាម៉ាស់

ភ្នំពេញ៖ ឯកឧត្ដម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រុមបាតុករ ដែលប្រឆាំងចំពោះដំណើរទស្សនកិច្ចការងាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសជប៉ុន បានទទួលភាពបរាជ័យយ៉ាងអាម៉ាស់។
ឯកឧត្ដមបានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីលទ្ធផលនៃដំណើររបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ឯកឧត្ដម សូ ណារ៉ូ បន្តថា តាមរយៈប្រធានបទរបស់ក្រុមប្រឆាំង ដែលប្រកាសមិនទទួលស្គាល់រាជរដ្ឋាភិបាលរបស់សម្ដេចធិបតី និងបានអំពាវនាវឱ្យភាគីជប៉ុនកុំទទួលស្គាល់សម្ដេចធិបតី គឺបានទទួលបរាជ័យហើយ។
ឯកឧត្ដម បានបញ្ជាក់ថា តាមរយៈការបោះឆ្នោតជាតិជាសកល នាពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ បានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរសរុបប្រមាណជាង៨០ភាគរយ បានទៅចូលរួមការបោះឆ្នោតនេះ ហើយសន្លឹកឆ្នោតយ៉ាងច្រើនលើសលុបបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្ដមបានឱ្យដឹងទៀតថា ម្យ៉ាងវិញទៀតនោះ ការអំពាវនាវរដ្ឋាភិបាលជប៉ុនកុំឱ្យទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជានោះ គឺបរាជ័យទាំងស្រុង ផ្ទុយទៅវិញ វត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ភាគីជប៉ុន ខណៈសម្ដេចធិបតី ក៏មានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងចូលគាល់ព្រះចៅអធិរាជជប៉ុនថែមទៀត៕
