ការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន នៅបុណ្យសមុទ្រជុំទី១០ ទទួលបានការចាប់អារម្មណ៍គាំទ្រពីថ្នាក់ដឹកនាំ និងសាធារណជន
ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសប្រជាពលរដ្ឋចូលរួមបុណ្យសមុទ្រជុំទី១០ យ៉ាងសប្បាយរីករាយ, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ ស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) ក្រុមហ៊ុនទេសចរណ៍ធូវើលដ៍ វើលដ៍ផប និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកែប បន្តរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនជាការពញ្ញាក់អារម្មណ៍ លើកកម្ពស់ចំណេះដឹង និងចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការតាំងពិព៌រណ៍ រូបភាពផលវិបាក នៃគ្រឿងញៀន ខិត្តប័ណ្ណ ផ្ទាំងរូបភាព បដាសារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន និងវត្ថុអនុស្សារីយ៍ផ្សេងៗមាន ៖ មួក ប្រតិទិន ច្បាប់ ឆ័ត្រ ផ្លិត កែវ សម្រាប់ចែកជូន និងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់កុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។
លោក ឡោ សុវិជ្ជា អគ្គនាយករងក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវិស័យទេសចរណ៍ គឺរាល់ពិធីបុណ្យសមុទ្រ និងបុណ្យទន្លេ សាធារណជនតែងគាំទ្រចូលរួមទស្សនា សិក្សាស្វែងយល់ពីបញ្ហាគ្រឿងញៀនច្រើនកុះករ ដើម្បីទទួលបានចំណេះដឹងកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។
ថ្លែងក្នុងនាមជាដៃគូ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានថ្លែងថា ការចូលរួមជួយសង្គមជាការងារសំខាន់ចាំបាច់ដូចដែលយើងបានរួមគ្នាធ្វើកន្លងមកមានជាអាទិ៍៖ ការផ្សព្វផ្សាយអប់រំពីបញ្ហាអនាម័យតាមសាលារៀន សុវត្ថិភាពចរាចរណ៍ និងការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនជាដើម និងបានឧបត្ថម្ភគាំទ្រជាមធ្យោបាយសម្ភារបម្រើដល់ការងារសង្គមនានាផងដែរ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា បុណ្យសមុទ្រជុំទី១០ ក្រោមប្រធានបទ «យើងទាំងអស់គ្នា ដើម្បីទេសចរណ៍» នៅខេត្តកែប រយៈពេល៣ថ្ងៃ (ថ្ងៃ១-៣ ខែធ្នូ ឆ្នាំ២០២៣) មានថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងសាធារណជនបានចូលរួមយ៉ាងច្រើនកុះករ និងបានចូលទស្សនាសិក្សាស្វែងយល់ និងទទួលយកឯកសារសម្រាប់ផ្សព្វផ្សាយបន្តដល់គ្រួសារ មិត្តភក្តិ សំដៅចូលរួមចំណែកកសាងបាននូវភូមិ ឃុំ មានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្ត បានចូលមកទស្សនានូវស្តង់តាំងពិព័រណ៍នេះ ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុតស្របទៅនឹងតាមឆន្ទៈមុះមុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់នីតិកាលទី៧ ។ ឆ្លើយតបនឹងឆន្ទះនេះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវសេចក្តីណែនាំដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងនោះការងារផ្សព្វផ្សាយអប់រំតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិទាំងអស់ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយពីផលវិបាក និងគ្រោះថ្នាក់នៃគ្រឿងញៀន ឥទ្ធិពលនៃគ្រឿងញៀន និងអប់រំ ដាស់តឿនក្រើនរំលឹកដល់មន្ត្រីគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋគ្រប់ស្រទាប់ឲ្យចៀសឆ្ងាយពីគ្រឿងញៀន។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណក្រសួងទេសចរណ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ជាដៃគូយ៉ាងជិតស្និទ្ធ និងក្រុមហ៊ុនទេសចរណ៍ធូវើលដ៍ 2world ,វើលដ៍ផប World Pop ជួយឧបត្ថម្ភការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ ដែលជាការងារពហុវិស័យត្រូវការការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន រួមគ្នាធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ ដើម្បីអនាគតកូនចៅយើង៕