សម្តេចធិបតី ស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យគ្រប់ក្រសួងស្ថាប័នព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជនជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះ សម្តេចធិបតី បានស្នើឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងមូលនិធិជនពិការ បន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញរក្សាបាននូវទេពកោសល្យ ភាពច្នៃប្រឌិតរបស់ជនមានពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។
ការលើកឡើងនេះ ក្នុងគោលបំណងដើម្បីធានាថា ជនមានពិការភាពនៅកម្ពុជាទទួលបានសិទ្ធិសេរីភាព សុខុមាលភាពនិងការចូលរួមយ៉ាងពេញលេញប្រកបដោយបរិយាបន្ន ៕