កសិករនៅខេត្តកំពង់ធំ ប្រាប់ពីវិធីសាស្ត្រក្នុងការដាំស្វាយចន្ទី ទទួលបានលទ្ធផលល្អ និងទិន្នផលខ្ពស់

ភ្នំពេញ៖ លោក លី គីមស៊ុយ ម្ចាស់ចំការស្វាយចន្ទីទំហំ១៩ហិកតា ដែលមានទីតាំងស្ថិតនៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានឱ្យដឹងថា លោកបានចាប់ផ្តើមដាំស្វាយចន្ទីក្នុងឆ្នាំ ២០០៦ ដោយបច្ចុប្បន្នមានផ្ទៃដីដាំស្វាយចន្ទីសរុបប្រមាណ ១៩ ហិកតាហើយផ្ទៃដី ១៩ ហិកតា មានលំដាប់អាយុ នៃដើមចន្ទីខុសៗគ្នា ដូចជា៖ អាយុ៤ ឆ្នាំ ដាំលើផ្ទៃដី ៥ ហិចតា, អាយុ៥ឆ្នាំ ដាំលើផ្ទៃដី ៤ ហិចតា, អាយុ ៦ឆ្នាំ និង អាយុ ៨ឆ្នាំ ដាំលើផ្ទៃដី ៣ហិចតា។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងកម្មវិធីទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកាលោក លី គីមស៊ុយ បញ្ជាក់ថា ការដាំស្វាយចន្ទីរបស់លោកចែកចេញជា ២ ប្រភេទ គឺ ពូជអឹម២៣ ដាំលើផ្ទៃដី ១៨ហិកតា និង ពូជជូនណៃ បានដាំលើផ្ទៃដី ១ហិកតា។
ចំពោះ បច្ចេកទេសក្នុងការដាំស្វាយចន្ទីរបស់លោក លី គីមស៊ុយ បានរៀបរាប់ថា៖ ទី១៖ ការរៀបចំដី និបច្ចេកទេលដាំដុះ ទី២៖ ការជ្រើសរើសពូជ ទី៣៖ ការគ្រប់គ្រងជីវជាតិដី និងការផលិតជីទឹកធម្មជាតិ ទី៤៖ ការតាក់តែងមែក និងធ្វើអនាម័យចម្ការ និងទី៥៖ ការត្រួតពិនិត្យ។
ការអនុវត្តន៍ត្រឹមត្រូវលោកទទួលបានទិន្នផល ចន្លោះទៅ ២.៥ ក្នុងមួយហិកតា សម្រាប់គ្រាប់ស្វាយចន្ទីស្រស់។ ជាមួយគ្នានេះកាលពីឆ្នាំ ២០២២–២០២៣ លោកបាន បង្កើត ចម្ការបង្ហាញចំនួន៥ និងបណ្តុះបណ្តាលកសិកបាន ២៥០ នាក់ មកពី ៥ភូមិ ឃុំទីពោ ឃុំកកោះ ឃុំក្រយា លើផលិតកម្មស្វាយចន្ទី។
ទាក់ទងជាមួយនឹងការប្រើប្រាស់ជី លោក លី គីមស៊ុយ បានឱ្យដឹងថា៖«ការកើនឡើងតម្លៃជីគីមីពីមួយឆ្នាំទៅមួយឆ្នាំរហូតឡើងដល់ជិត២០ ម៉ឺនរៀលក្នុង មួយការ៉ុង ធ្វើឲ្យប្រជាកសិករដាំដុះស្វាយចន្ទីប្រឈមនឹងបញ្ហាកើនឡើងថ្លៃដើមផលិតខ្ពស់ ស្ទើតែគ្មានផលចំណេញ។ កត្តាចម្បងមួយទៀតដែលជំរុញឲ្យប្រជាកសិករមួយចំនួនសម្រេចចិត្តកាប់ដើមស្វាយចន្ទីចោលនោះគឺ បច្ចេកទេសថែទាំនិងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ទន្ទឹមនឹងបញ្ហាទាំងនេះ ទោះស្វាយចន្ទីជាដំណាំសក្ដានុពលក៏ដោយ ក៏កសិករមួយចំនួននូវតែសម្រេចចិត្ដបោះបង់របរមួយនេះ»។
ទៅយ៉ាងណាក៏ដោយលោកមិនចុះចាញ់ជាមួយបញ្ហាទាំងអស់ខាងលើនោះទេ។ ម្ចាស់ចម្ការស្វាយចន្ទីគំរូរូបនេះបាន ប្ដេជ្ញាចិត្តផ្លាស់ប្ដូររបៀបធ្វើ ខណៈជីគីមីឡើងថ្លៃ រូបលោកបានងាកមកធ្វើកសិកម្មដាំដុះស្វាយចន្ទីដោយប្រើប្រាស់ជីទឹកនិងថ្នាំធម្មជាតិផលិតដោយខ្លួនឯងវិញ ចាយទុនតិច មិនប៉ះពាល់សុខភាព ហើយទិន្នផលក៏ខ្ពស់។
លោក លី គឹមស៊ុយ បានឲ្យដឹងថា ដើមឡើយលោកបានអនុវត្ដការធ្វើកសិកម្មដោយអាស្រ័យលើការប្រើប្រាស់ជីគីមី និងធ្វើកសិកម្មដោយខ្វះចំណេះដឹងបច្ចេកទេស តែពីមួយឆ្នាំទៅមួយឆ្នាំផលចំណេញដែលលោកទទួលបានចាប់ផ្ដើមធ្លាក់ចុះជាលំដាប់ដោយហេតុថាថ្លៃដើមខ្ពស់ព្រោះជីកាន់តែឡើងថ្លៃ មួយវិញទៀតចន្ទីជាដំណាំដែលងាយរងគ្រោះដោយសារកត្ដាបម្រែបម្រួលអាកាសធាតុ ជំងឺនិងពពួកសត្វល្អិតផ្សេង។ រហូតលោកបានចូលរួមជាមួយអង្គការ GIZ ក្រោមគម្រោង CRAS ដោយខាងគម្រោងមានបុគ្គលិកជំនាញបច្ចេកទេសខាងស្វាយចន្ទីបានជួយបណ្ដុះបណ្ដាល ទើបលោកបានផ្លាស់ប្ដូររបៀបធ្វើពីការប្រើប្រាស់ជីគីមី មកផលិតជី និងថ្នាំ ដោយខ្លួនឯង។ មួយវិញទៀតខាងបុគ្គលិកជំនាញរបស់គម្រោង CRAS បានផ្ដល់ការណែនាំនិងធ្វើការយ៉ាងជិតស្និតជាមួយលោក រហូតដល់អាចដឹងពីបច្ចេកទេសគ្រប់គ្រងសត្វល្អិតទៅតាមរដូវ ការចេះធ្វើជី ថ្នាំសម្លាប់សត្វលល្អិតដោយចាយលុយតិចតែប្រើបានច្រើន ការថែទាំនិងតែងមែកចន្ទី និងសម្អាតទីធ្លាក្រោមដើមឲ្យស្រឡះល្អទើបមិនសូវមានជំងឹនិងមេរោគ។ល។
លោក លី គីមស៊ុយ បានបន្ដទៀតថា ចំណេះដឹងដែលលោកទទួលបានទាំងអស់នេះហើយ ដែលបានស្រោចស្រង់ចម្ការស្វាយចន្ទីដែលធ្លាប់ទទួលបានផលត្រឹម ១តោនទៅ ១តោនកន្លះក្នុងមួយហិកតា អាចកើនទិន្នផលដល់២.៣តោន ទៅ ២.៥តោន ក្នុងមួយហិកតា។ ស្របពេលដែលទិន្នផលគ្រាប់ស្វាយចន្ទីកើនឡើងខ្ពស់ ការចំណាយលើថ្លៃដើមបែបជាកាន់តែថយចុះ ដោយក្នុងមួយហិកតាសរុបការចំណាយទាំងអស់ក្នុងមួយរដូវគឺត្រឹមតែ ១លាន៤០ម៉ឺនរៀល ទៅ ១លាន៥០ម៉ឺនរៀលប៉ុណ្ណោះ។ ចំណែកឯផលចំណេញដែលទទួលបានក្រោយទូទាត់ការចំណាយអស់ហើយ គឺចំណេញប្រមាណខ្ទង់ជាង ៦លានរៀលក្នុងមួយហិកតា។
គួរបញ្ជាក់ផងដែរថា លោក លី គឹមស៊ុយ ទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងជំនាញ សម្របសម្រួល ដើម្បីផ្សព្វផ្សាយបន្តពីគម្រោងCRAS។ អនុវត្តការធ្វើកសិកម្មឆ្លាតវៃ នៅចម្ការរបស់គាត់។ រូបលោកក៏ដើរតួជាអ្នកផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសដល់កសិករក្នុងឃុំ តាមរយះការសម្របសម្រួលក្នុងការបង្កើតចម្ការបង្ហាញ និងបណ្ដុះបណ្ដាលកសិករ ក្នុងការអនុវត្តកសិកម្មធន់នឹងអាកាសធាតុសម្រាប់ កែ ផលិតកម្មដំណាំស្វាយចន្ទី។
ជាលទ្ធផលក្នុងឆ្នាំ២០២២–២០២៣ លោក លី គឹមស៊ុយ បានបង្កើតចម្ការបង្ហាញចំនួន ៥ និងបណ្តុះបណ្តាលកសិករបាន ២៥០ នាក់ មកពី ៥ ភូមិ នៃឃុំទីពោ ឃុំ កកោះ ឃុំក្រយា លីផលិតកម្មដំណាំស្វាយចន្ទី និងដំឡូងមី៕

